អន្តរក្រសួង ចុះផ្សព្វផ្សាយការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខេត្តមណ្ឌលគីរី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគីរី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា ស្វែងរកយន្តការដោះស្រាយឲ្យបានច្បាស់ លាស់ ត្រឹមត្រូវពិតប្រាកដ សមស្របតាមនីតិវិធីច្បាប់ និងនីតិវិធីរដ្ឋបាលក្នុងការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី។
យោងតាមការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់របស់រដ្ឋបាលព្រៃឈើ បានបង្ហាញថា ការទន្ទ្រានកាន់កាប់ដីព្រៃឈើ នៅបន្តកើតមានក្រោមហេតុផលកង្វះដីបង្កបង្កើនផល និងពង្រីកលំនៅដ្ឋានជាដើម។ល។ កត្តាទាំងនេះ បានជះឥទ្ធិពលដល់ដីព្រៃឈើរបស់រដ្ឋ ហើយចលនានៃការរំលោភដីព្រៃឈើ រួមមាន៖ អ្នកខ្វះខាត ដីពិតប្រាកដបានកាប់រានដីព្រៃឈើ, អ្នកកាប់រានដីព្រៃឈើហើយលក់រួចកាប់រានបន្តទៀត, ការបញ្ជាក់លើលិខិតទិញលក់ដីព្រៃឈើ និងការឃុបឃិតគ្នាកាប់រាន និងហ៊ុំព័ទ្ធដីព្រៃឈើ។
សូមបញ្ជាក់ថា ចំពោះខេត្តមណ្ឌលគិរីមានផ្ទៃដី (យកចំនួនគត់) សរុបមានទំហំ ១ ៣៦៦ ៨៩៧ហត ក្នុងនោះផ្ទៃដីព្រៃឈើមានទំហំសរុប ២៥៣ ៨០០ហត គ្រប់គ្រងដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបែងចែកជាដីសម្បទានសេដ្ឋកិច្ចមានចំនួន ២៥គម្រោង ផ្ទៃដីតាមកិច្ចសន្យាទំហំ ១៥៤ ៦៨៧ហត ៥៨។ ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញមានចំនួន ៦ទីតាំង មានផ្ទៃដីសរុបប្រមាណ ៤០ ៥៩៦ហត។ ចម្ការឈើស្រល់ដាំរបស់រដ្ឋ និងចម្ការរុក្ខទិវាថ្នាក់ជាតិមានផ្ទៃដី សរុបទំហំប្រមាណ ៣៦១ហត (ក្នុងនោះផ្ទៃដីទំហំ ២២៥ហត បានដាំរួចរាល់ដោយប្រើប្រាស់ថវិការដ្ឋ) ដីសហគមន៍ព្រៃឈើមានចំនួន ០៨ ទីតាំងមានផ្ទៃដីទំហំប្រមាណ ៩ ៧៩៩ហត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។