ឯកឧត្តម លី ធុជ អះអាងថា គម្រោង​បោសសម្អាត​មីន បាន​រំដោះ​ផ្ទៃដី ២៤៥​គីឡូម៉ែត្រ​ក្រឡា ពលរដ្ឋ​ទទួលផល​ជាង ១​លាន​នាក់

​ភ្នំពេញ​៖ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទេស​ផ្តល់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន​៖ UNDP ប្រទេស​អូស្ត្រាលី ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​សាធារណៈរដ្ឋ​កូរ៉េ​(KOICA) និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ក្នុង​គោលបំណង​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល និង​ការរៀបចំ​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២១​។​

​ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​ខែមិថុនា ឆ្នាំ​២០២០ ដែល​បាន​រំដោះ​ផ្ទៃដី និង​ផ្តល់​ដី​មាន​សុវត្ថិភាព ពី​ការ​គម្រាមកំហែង​ដោយសារ​មីន​បាន​ប្រមាណ ២៤៥ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាពលរដ្ឋ​ទទួលផល​ប្រមាណ​ជាង ១ លាន​នាក់​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ រួមមាន UNDP ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក​អង្គការ UNDP គឺជា​ដៃគូ​ដ៏​រឹងមាំ ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​។​

​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ មាន​រយៈពេល ៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០-២០២៥ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ផ្តោតជាសំខាន់​ទៅលើ​លទ្ធផល​ធំៗ​ចំនួន​៣​គឺ​ទី​១-​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទី​២-​គាំទ្រ​សកម្មភាព​កិច្ចសង្គ្រោះ​ជនពិការ ការអប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​ការបញ្ជ្រាប​យេនឌ័រ និងទី​៣-​ពង្រឹងសមត្ថភាព​ថ្នាក់ជាតិ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close