រដ្ឋមន្ត្រីក្រសួងកសិកម្ម ពេញចិត្តចំពោះសហគមន៍កសិកម្មសំរោងមានជ័យ សម្រាប់ការអនុវត្តនូវបណ្តុំអាជីវកម្មកសិកម្ម
ខេត្តសៀមរាប៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពកសិករសហគមន៍កសិកម្មសំរោងមានជ័យ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្តែងនូវការពេញចិត្ត និងអបអរសាទរចំពោះសហគមន៍កសិកម្មសំរោងមានជ័យ ដែលកសិដ្ឋាននេះទទួលបានជោគជ័យទាំងដំណាំបន្លែ , ការចិញ្ចឹមមាន់ និង ការចិញ្ចឹមត្រីជានិរន្តរភាពនៃការផ្គត់ផ្គង់ប្រាក់ចំណូល និង សមត្ថភាពនៃការផលិត និងការចែករំលែកបទពិសោធន៍ ដែលសមិទ្ធផលនាពេលនេះ គឺពិតណាស់ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀតដើម្បីដើរឆ្ពោះទៅរកគោលដៅនាឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តម វេង សាខុន មានប្រសាសន៍បន្ថែមថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយ:ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវរបស់កសិករយើងផងដែរ ដូច្នេះស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ សំណូមពរសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកំពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូល ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់មន្ទីរកសិកម្មខេត្ត ត្រូវជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមលើការអនុវត្តតាមការធ្វើកសិកម្មល្អ (GAP) ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មសំរោងមានជ័យនេះ បាននឹងកំពុងអនុវត្តនូវបណ្តុំអាជីវកម្មកសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE ស្ថិតនៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ក្នុងនោះកសិករឈ្មោះ ឈាវ ហុង ជាកសិករគំរូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ មានផ្ទៃដីចំនួន៧,៦០ហិកតា បាននឹងកំពុងដាំដុះបន្លែជា៥ផ្នែក ដូចជា ៖ ១. ដំណាំបន្លែយកស្លឹក យកផ្លែ , ២. ដាំក្នុងផ្ទះសំណាញ់ , ៣. ដាំផ្សិត , ៤. រោងជីកំប៉ុស្តិ៍ និង ៥. ការចិញ្ចឹមត្រី និង ចិញ្ចឹមមាន់ ។
ខេត្តសៀមរាប មានសហគមន៍កសិកម្មដែលបានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានចំនួន៥៥ ដែលកំពុងប្រកបរបរចម្រុះ គឺ ផលិតកម្មស្រូវពូជ , ស្រូវចំណី , ដាំដំណាំបន្លែ , ចិញ្ចឹមសត្វ , វារីវប្បកម្ម និងសេវាកម្មផ្សេងៗ ហើយបានបង្កើតជាសហភាពសហគមន៍កសិកម្មបានចំនួន២ ដែលមានសហគមន៍កសិកម្មចូលជាសមាជិកសហភាពចំនួន២៨សហគមន៍ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។