៩​ខែ ឆ្នាំនេះ សមត្ថកិច្ច​ក្រសួងបរិស្ថាន បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជិត ១​ពាន់​ករណី ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន រួម​នឹង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​បង្កើតឡើង​ដោយ​ស្របច្បាប់​និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​បាន​បន្ត​កិច្ច​សហការគ្នា​ក្នុង​ការចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​និង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។ ក្នុង​រយៈ ពេល ៩ ខែ​ឆ្នាំ​២០២០ គឺ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចុះ​ល្បាត​បាន​ចំនួន ១៨២៣ លើក ដែល​ក្នុង​ប្រតិបត្តិ​ការចុះ​ល្បាត​នោះ បទល្មើស​ធនធានធម្មជាតិ​ចំនួន ៩៥៤ ករណី​ត្រូវបាន​បង្ក្រាប ហើយ​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ចំនួន ៤០ ករណី​ទៅ​តុលាការ ធ្វើការ​អប់រំ​និង​ចុះកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន ៤២០ ករណី និង​ពិន័យ​អន្តរការណ៍ ៤១ ករណី​។

នេះ​បើតាម​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ​ដោយ​សង្កេតឃើញថា​បទល្មើស​នៅ​តំបន់​មួយចំនួន​មានការ ថយចុះ ដោយសារ​តែមាន​កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ ការបង្កើត​ស្នាក់ការ​ល្បាត​ចល័ត ការរៀបចំ​ផែនការ​ល្បាត​បាន​ល្អិតល្អន់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងឱ្យដឹងថា​នៅក្នុង​រយៈពេល​៩ ខែ​នេះ​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បង្ក្រាប​បទល្មើស​និង​រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៣៣ គ្រឿង រថយន្ត​៩ គ្រឿង គោយន្ត​ចំនួន​១០៦ គ្រឿង និង​ម៉ូតូ ៤៦ គ្រឿង រឹបអូស​ឈើ​ចំនួន ៣០៣ ម៉ែត្រគូប ដោះ​អន្ទាក់​បាន​ចំនួន ១៦៧៧ អន្ទាក់ និង​ដកហូត​និង​រឹបអូស​កាំភ្លើង​កែច្នៃ​បាន​ចំនួន ១០៣ គ្រឿង​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មាន​កត្តា​ផ្សេងៗ​ដែល ជំរុញឱ្យមាន​បទល្មើស​ទាំងនេះ​ក្នុងនោះ​រួមមាន កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង អាស្រ័យ ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ​នៅមានកម្រិត​នៅឡើយ​។

ទោះយ៉ាងណា ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​យ៉ាង​ហ្មឺ​ង​ម៉ាត់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្របតាម​ច្បាប់​នានា​។

​​សូមបញ្ជាក់ថា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ នៅ​ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​ជាង ៤៣ ម៉ឺន​ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ប​ច្ច​ប្បន្ន​នេះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ៨៤ នាក់​បាននិងកំពុង​ឈរជើង​ការពារ​នៅក្នុង​នោះ ខេត្តកំពង់ធំ​មាន ៣៤ នាក់ ខេត្តស្ទឹងត្រែង​មាន ២៤ នាក់ និង​ខេត្តក្រចេះ​ចំនួន ១២ នាក់ ខេត្តព្រះវិហារ​ចំនួន ១៣ នាក់ ហើយ​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ចំនួន ១៩ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close