តោះ! មកដឹងពីប្រវត្តិ “ប្រាសាទកោះកេរ”
ប្រាសាទកោះកេរ ស្ថិតនៅទិសឦសានចមា្ងយប្រហែល៧០គីឡូម៉ែត្រពីទីក្រុងអង្គរ ។ នៅទីនោះ ស្ថាបត្យករខ្មែរបានកសាងប្រាសាទជាច្រើនដូចជា៖ ក្រុមប្រាសាទកោះកេរ, ប្រាសាទនាងខ្មៅ, ប្រាសាទធំ, ប្រាសាទក្រចាប់, ប្រាសាទបាក់…។ ប្រាសាទទាំងអស់នេះស្ថិតនៅក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (៩២១-៩៤១) នៃគ្រិស្តសករាជ ។
ក្នុងសម័យកោះកេរនេះ គេសង្កេតឃើញមានរូបធាតុឥដ្ឋជាសម្ភារៈសំខាន់បំផុត នៅក្នុងផ្នែកស្ថាបត្យកម្មដែលមានសន្ទុះវិវត្តន៍ និងរីកចម្រើនជឿនលឿនទៅមុខ ដោយបានស្ថាបនាជាប្រាសាទទាំងឡាយមានទំហំធំៗ តួយ៉ាងដូចជាប្រាសាទភ្នំកោះកេរជាដើម ។ ប្រាសាទនេះ ស្ថិតនៅលើកំពូលភ្នំ ដែលមានកាំជណ្តើរតែមួយគត់សម្រាប់ចេញ-ចូល ហើយបែរមុខទៅទិសខាងកើត ដែលជានិមិត្តរូបនៃការចាប់កំណើតមានជីវិតរស់រវើក ។
បើសិនជាគេពិនិត្យទៅលើប្រាង្គប្រាសាទកោះកេរនោះ គឺមានលក្ខណៈធំៗនិងខ្ពស់ៗ ដែលមានខឿនសង់អំពីថ្មបាយក្រៀមតម្រៀបគ្នាជា៧ជាន់ ។ នៅលើភ្នំនេះព្រះបាទជ័យវរ្ម័នទី៤ បានតម្កល់សិវៈលិង្គដែលមានទំហំធំ មានកម្ពស់៣ម៉ែត្រ ។
ចំណែកឯ ប្រាសាទធំវិញ មានខឿន៧ថ្នាក់ និងកម្ពស់៣៥ម៉ែត្រ ដែលបានកសាងឡើងក្នុងឆ្នាំ៩៣១ នៃគ្រិស្តសករាជ ក៏បានតម្កល់ព្រះសិវៈលិង្គមួយឈ្មោះ “ត្រិភូវនេស្វរៈ” ផងដែរ។ រីឯដំបូលនៃប្រាង្គប្រាសាទនេះវិញ បានស្ថាបនាឡើងអំពីសម្ភារៈឈើ ឬសម្ភារៈស្រាលៗដែលអាចឆាប់ពុកផុយបានយ៉ាងឆាប់រហ័ស។
នៅលើកំពូលភ្នំប្រាសាទកោះកេរនេះដែរក៏មានបន្ទប់វែងៗជាច្រើនទៀត។ រីឯចម្លាក់ផ្តែរទ្វារវិញ បុព្វស្ថាបត្យករខ្មែរឆ្លាក់ជាកម្រងមែកឈើកោងខ្លាំងចុះមកត្រង់ កណ្តាល ដែលមានទម្ងន់នៃក្បាច់ក្បូរទាញចុះមកក្រោម ហើយមានអាទិទេពជិះយានជំនិះផ្សេងៗ និងមានរូបចម្លាក់ដទៃទៀត ដែលទាក់ទងទៅនឹងរឿងរ៉ាវអាទិទេព។ ចំពោះសសរពេជ្រវិញមានលក្ខណៈជា៨ជ្រុង។ ក្នុងជ្រុងនីមួយៗមានក្បាច់សន្លឹកឈើ មានពាក់កណ្តាលស្ថិតនៅសងខាង។
នៅលើតួសសរពេជ្រវិញមានឆ្លាក់ជារូបកងជាច្រើនដូចជាថ្នាំងអំពៅ ជាដើម។ រីឯហោជាងវិញក៏ចាប់ផ្តើមកែច្នៃជារាង៣ជ្រុង ឬជារាងត្រីកោណ ដែលតុបតែងលំអដោយក្បាច់ស្លឹកឈើ ឬជួនកាលមានរូបអាទិទេពនៅចំចំណុច កណ្តាលទៀតផង។ ចំណែកចម្លាក់បដិមាវិញបានបង្ហាញយ៉ាង ច្បាស់មានលក្ខណៈដូចរូបបដិមានៅប្រាសាទភ្នំបាខែងដែរ ដែលមានមាឌធំ។ ជាពិសេសទៅទៀត រូបបដិមា ក្នុងសម័យកោះកេរនោះ ទោះរូបមនុស្សក្តី រូបសត្វក្តី សុទ្ធសឹងមានចលនាធ្វើកាយវិការទាំងអស់ យ៉ាងណាមិញដូចជារូបអ្នកចំបាប់ រូបពាលី រូបសុគ្រីព រូបគ្រុឌ រូបពស់នាគរាជ មានពាក់គ្រឿងអលង្ការ មានសណ្ឋានភាព ដូចស្នែង ដែលសព្វថៃ្ងនេះកំពុងតែតម្កល់ទុកនៅសារមន្ទីរជាតិក្រុងភ្នំពេញ។
ព្រមជាមួយគ្នានេះ សិលាចារឹកស្តុកកក់ធំ ក៏បានចាររៀបរាប់យ៉ាងក្បោះក្បាយអំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័ន ទី៤ថា “នៅគ្រិស្តសករាជឆ្នាំ៩២១ ព្រះបាទជ័យវរ្ម័នទី៤ ត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័នទី១ បានយាងចាកចេញពីរាជធានីយសោធបុរៈ ដើម្បីទៅគង់នៅរាជធានីថ្មីកោះកេរ ឬឆោកគគ៌្យរ ហើយថែមទាំងបានពាំនាំយកទៅជាមួយនូវលទ្ធិទេវរាជទៀតផង” ។ ហេតុដូច្នេះហើយបានជាគេឱ្យឈ្មោះរាជធានី ថ្មីនេះថា រាជធានីលិង្គបុរៈ ។ ជាពិសេសទៅទៀត បើតាមការសន្និដ្ឋានរបស់ពួកបុរាណវិទូនិយាយថា “ព្រះបាទ ជ័យវរ្ម័នទី៤ បានរៀបអភិសេកជាមួយព្រះនាងក្សត្រិយជ័យទេវី ត្រូវជាព្រះអនុជ (ប្អូនស្រី) របស់ព្រះបាទយសោវរ្ម័នទី១” ។
ចំណែកសិលាចារឹកនៅជញ្ជាំងប្រាសាទនាងខ្មៅក៏បាននិយាយទៀតថា “ព្រះបាទជ័យវរ្ម័នទី៤ បានឡើងគ្រងរាជ្យបល្ល័ង្កចាប់តាំងពីគ្រិស្តសករាជ៩២១ ដែលធ្វើឱ្យប្រជារាស្ត្រគោរពនិងទទួលស្គាល់ព្រះអង្គថា មានព្រះបារមីមហិទ្ធិប្ញទ្ធិមហាកំពូលនៅលើអាណាចក្រកម្ពុជាទាំងមូល ក្នុងសតវត្សរ៍ទី១០ ដែលបានដឹកនាំប្រជារាស្ត្រឱ្យសាងសង់សមិទ្ធផលប្រាសាទនានាទុកជា កេរដំណែលជូនដល់មនុស្សជំនាន់ក្រោយ ពីទំហំទឹកចិត្តស្រឡាញ់ទឹកដី និងប្រជារាស្ត្រមុននឹងព្រះអង្គសោយទិវង្គត់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។