ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា រៀបចំ​សន្និសីទ​នៅ​ខេត្តសៀមរាប ស្តីពី បទឧក្រិដ្ឋ​ប្រឆាំង​កុមារ​

​ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ ដែល​ហៅ​កាត់​ថា HSI , ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ ដែល​ហៅ​កាត់​ថា FBI និង​ការិយាល័យ​សន្តិសុខ​តំបន់ ដែល​ហៅ​កាត់​ថា RSO នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានរៀបចំ​សន្និសីទ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២០-២២ ខែតុលា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប ស្តីពី ឧក្រិដ្ឋកម្ម​ប្រឆាំង​កុមារ ក្រោម​អធិបតីភាព​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង ឯកឧត្តម កេង សុ​ម៉ា​រិ​ទ្ឋ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​កម្ពុជា ដោយមាន​អ្នកចូលរួម​មកពី​ក្រសួងយុត្តិធម៌ ,​នគរបាលជាតិ​កម្ពុជា​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, ចៅក្រម​, ព្រះរាជអាជ្ញា និង​អង្គការក្រៅរដ្ឋាភិបាល​ស​រុ​ប​ជាង ៦០​នាក់​។​

​ឯកឧត្តម កេង សុ​ម៉ា​រិ​ទ្ឋ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ មានប្រសាសន៍ថា សន្និសីទ​នេះ ជា​សារសំខាន់​មួយ​សម្រាប់​ការរួមចំណែក​ក្នុងការ​លើកកម្ពស់​ចំណេះដឹង និង​ការអនុវត្ត​ល្អៗ​ពាក់​ព័​ន្ឋ​ទៅនឹង​កិច្ចការពារ​កុមារ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ហើយ​ជំហរ​ដ៏​រឹងមាំ​របស់​ក្រសួងយុត្តិធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ចាត់ទុក​កិច្ចការពារ​កុមារ​ជា​អាទិភាព​ដ៏​ចម្បង​មួយ ហើយ​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​នយោបាយ កម្មវិធី​កំណែទម្រង់​ជា​បន្តបន្ទាប់ ជាពិសេស​ប្រ​ព័​ន្ឋ​យុត្តិធម៌​ដែលជា​ការងារ​អាទិភាព​ដ៏​សំខាន់​មួយ នៃ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ។​

​ឯកឧត្តម កេង សុ​ម៉ា​រិ​ទ្ឋ បញ្ជាក់​បន្ថែមថា ការបង្ការ​និង​ការទប់ស្កាត់​បទល្មើស​ប្រឆាំងនឹង​កុមារ​នៅ​កម្ពុជា មិនមែនជា​កិច្ចការ​ឬ​ការទទួលខុសត្រូវ​រប​ស់​ស្ថាប័ន​ណាមួយ​តែឯង​នោះទេ ហេតុនេះ​ទាមទារ​ការចូលរួម​ឱ្យ​ផុសផុល និង​កិច្ចសហការ​ដ៏​ល្អ​រវាង​បណ្តា​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​, តុលាការ​, ដៃគូ​អភិវឌ្ឍ​, អង្គការ​មិនមែន​រដ្ឋាភិបាល​, វិស័យ​ឯកជន​, សង្គម​ស៊ីវិល​និង​តួអង្គ​ពាក់​ព័​ន្ឋ​ទាំងអស់ ដើម្បី​ចូលរួម​លើកកម្ពស់​កិច្ចការពារ ទប់ស្កាត់ ប្រឆាំង​ទៅនឹង​បទល្មើស​ផ្សេងៗ​ពាក់​ព័​ន្ឋ​ទៅនឹង​កុមារ ដូច្នេះ​តាមរយៈ​នៃ​អង្គ​ស​ន្និ​សទ​នេះ សង្ឃឹម​ជឿជាក់ថា សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​ការចែករំលែក​នូ​បទពិសោធន៍​ល្អៗ​ថ្មីៗ តាមរយៈ​ការពិភាក្សា​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ទៅវិញទៅមក ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យបាន​ឆាប់រហ័ស ដោយ​មិន​ទុកឱ្យ​ភាព​អសកម្ម​ណាមួយ​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការផ្តល់​យុត្តិធម៌​ជូន​អ​និតិ​ជន​ដែល​រងគ្រោះ​ពីបទ​ល្មើស​នោះឡើយ​។​

​សូមបញ្ជាក់ថា សន្និសីទ​នេះ នឹងមាន​ការបណ្តុះបណ្តាល​ជាក់ស្តែង ដោយ​អ្នកជំនាញ​ពី​ទីភ្នាក់ងារ​ទាំង​៣​ស្ថាប័ន ដែល​ផ្តោតលើ​ការជួយ​ដល់​អ្នកអនុវត្ត​ច្បាប់​នៅ​កម្ពុជា និង​ព្រះរាជអាជ្ញា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​សូកប៉ាន់ កេងប្រវ័ញ្ច និង​ភាព​ងាយ​រងគ្រោះ​ដោយសារ​ការជួញដូរ​ផ្លូវភេទ លើ​កុមារ ពិសេស នឹង​លើកយក​បទ​បង្ហាញ​នូវ​ចំណុច សំខាន់ៗ​ដើម្បី​ជា​វិធាន​គ​ន្លឺះ​ក្នុងការ​ដេញតាម​ជន​ទុច្ចរិត ដូចជា​៖​សំណើ និង ការស៊ើបអង្កេត​បឋម​, សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង សាក្សី​ដំបូងៗ​សកម្មភាព​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង ដីកាឆែកឆេរ​សម្រាប់​ក្រុមហ៊ុន​ផ្តល់ សេវាកម្ម​អ៊ិន​ធឺ​ណិ​ត​ISP, ការប្រមូល​ឯកសារ​របស់ ISP, ការស៊ើបអង្កេត​លើ​មុខសញ្ញា​ទីមួយ​ក្នុង​សំណុំរឿង​, ការស្រាវជ្រាវ​រក​ប្រវត្តិរូប ឬ ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗ​នៅក្នុង​អ៊ិន​ធឺ​ណិ​តរបស់​មុខសញ្ញា​, រក​វត្តមាន​នៅក្នុង​អ៊ិន​ធឺ​ណិ​តរបស់​មុខសញ្ញា​, ការស្រាវជ្រាវ​រក​អត្តសញ្ញាណ និង ការសម្ភាសន៍​ជនរងគ្រោះ​ផ្សេងៗ​ទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close