កម្ពុជាដល់ចំណុចបារម្ភបន្ថែនាំចូលពីវៀតណាម រដ្ឋាភិបាលបានផ្តល់ប្រាក់៤៦លានដុល្លារជំរុញបង្កើនការដាំបន្លែក្នុងស្រុក
ប្រទេសកម្ពុជាដែលត្រូវគេដឹងថា ជាប្រទេសពឹងផ្អែកលើកសិកម្មខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែប្រឈមនឹងកង្វះខាតបន្លែសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលជាហេតុនាំឲ្យប្រទេសនេះត្រូវនាំចូលបន្លែពីប្រទេសជិតខាងជារៀងរាល់ថ្ងៃ ជាមួយនឹងក្តីបារម្ភអំពីសារធាតុពុល។ មន្ត្រីរដ្ឋាភិបាលទទូចឲ្យពង្រីកការដាំដុះ និងលើកកម្ពស់សុវត្ថិភាពបន្លែ ប៉ុន្តែមន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលថា ទីផ្សារបន្លែក្នុងស្រុកដែលមានតម្លៃទាប ជាឧបសគ្គមួយនៃការពង្រីកផលដំណាំនេះ។ ក្នុងពេលដែលបន្លែដាំក្នុងស្រុកនៅមិនទាន់អាចបំពេញតម្រូវការក្នុងស្រុកបាន ហើយត្រូវនាំចូលពីប្រទេសក្បែរខាងជាមួយក្តីបារម្ភពីសារធាតុពុលផងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើឲ្យអ្នកដាំបន្លែបង្កើនការដាំដុះរបស់ខ្លួនតាមគោលការណ៍បច្ចេកទេសនៃការអនុវត្តកសិកម្មល្អ ឬហៅកាត់ថា (GAP) និងតាមបែបសរីរាង្គដែលមិនប្រើសារធាតុគីមី។
តាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ហៅកាត់ថា ICCO បានឲ្យដឹងថា អ្នកប្រើប្រាស់ប្រមាណ៩៥ភាគរយ បារម្ភពីសុវត្ថិភាពទាំងបន្លែក្នុងស្រុក និងនាំចូលពីប្រទេសជិតខាងដែលអាចមានជាតិពុល។ លោក មិន ស នាយកប្រតិបត្តិនៃអង្គការជីវិតថ្លៃថ្នូរ ដែលផ្តល់ការគាំទ្រលើការពង្រីកផលិតកម្មបន្លែក្នុងស្រុក មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាកសិករខ្មែរនៅមានការយល់ដឹងទាបអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុគីមី នៅពេលពួកគេព្យាយាមដាំបន្លែ។ ក្រៅពីមានកម្រិតយល់ដឹងទាបអំពីសារធាតុគីមី អ្នកដាំដុះបន្លែក្នុងស្រុកក៏ប្រឈមនឹងការបញ្ជូនផលិតផលបន្លែមកកាន់ទីផ្សារ ដោយសារកង្វះនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងម៉ោងសម្រាកនៃសិក្ខាសាលាស្តីអំពីការលើកកម្ពស់សុវត្ថិភាពបន្លែសម្រាប់ទីផ្សារនៅប្រទេសកម្ពុជាដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កង្វះបន្លែផ្គត់ផ្គង់ក្នុងស្រុក តម្រូវឲ្យរដ្ឋាភិបាល និងប្រជាកសិករខ្មែរ ត្រូវខិតខំបន្ថែមទៀត ក្នុងការបង្កើនផលដាំដុះ ដើម្បីទប់លំហូរចូលនៃបន្លែពីប្រទេសក្បែរខាង។ បញ្ហាប្រឈមមួយទៀត ជួនកាលកសិករគាត់ផលិតបានហើយ។ ប៉ុន្តែបញ្ហាទីផ្សារ ដែលកសិករពិបាកបំផុត ក្នុងការដឹកនាំផលិតផលរបស់គាត់មកទីផ្សារយើង ដោយសារការធ្វើដំណើរ ហេដ្ឋារចនាសម្ព័ន្ធ គាត់នៅដាច់ស្រយាល គាត់នៅឆ្ងាយពីទីផ្សារ អញ្ចឹងគាត់ត្រូវចំណាយលុយខ្ពស់។ ហ្នឹងជាបញ្ហាប្រឈម ។
រដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាចំនួន ៤៦លានដុល្លារអាមេរិកដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញកំណើនវិស័យកសិកម្មឲ្យបានក្នុងរង្វង់៥% ក្នុងមួយឆ្នាំ។ នេះបើយោងទៅតាមឯកសារនៃកញ្ចប់ថវិកាជាតិដែលត្រូវបានចេញផ្សាយជាសាធារណៈដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែកុម្ភៈឆ្នាំ២០១៦។ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឲ្យដឹងថា រដ្ឋាភិបាល គ្រោងចំណាយ២០លានដុល្លារអាមេរិក ទៅលើផលិតកម្មពូជស្រូវ និងបន្លែពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៨ខាងមុខ។
គួរបញ្ជាក់ថា អ្នកទទួលទានបន្លែនាពេលបច្ចុប្បន្ន តែងតែមានការរអ៊ូរទាំ អំពីផលប៉ះពាល់ដល់សុខភាពដែលបង្កមកពីការទទួលទានបន្លែដែលប្រើសារធាតុគីមី ឬថ្នាំពុល ដែលបណ្តាលឲ្យឈឺក្រពះនិងការចុះថយកម្លាំង ដោយសារការទទួលទានបន្លែផលិតក្នុងស្រុក ឬបន្លែនាំចូលពីប្រទេសក្បែរខាង ដែលមានប្រើសារធាតុគីមី។ អ្នកជំនាញកសិកម្ម ថ្លែងថា កម្ពុជាត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធធារាសាស្ត្របន្ថែមទៀត សម្រាប់ការដាំដុះបន្លែធម្មតា និងបន្លែសរីរាង្គ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសក្បែរខាង ជាពិសេសនោះ គឺប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។