​ពលរដ្ឋមកពីភូមិចំនួន៣ក្នុងសង្កាត់ប៉ាលហាល កំពុងស្វែងរកអន្តរាគមន៍ដោះស្រាយ ពីរឿងអាជ្ញាធរក្រុងព្រះវិហារ ដាក់បំរាមហាមមិនឲ្យមេភូមិ និងចៅសង្កាត់ចុះហត្ថលេខាលើពាក្យស្នើសុំកាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ..

https://www.youtube.com/watch?v=cYRE-1ztIAA

ខេត្តព្រះវិហារ : ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានប្រជាជនជាង១០០គ្រួសារមកពីភូមិចំនួន៣ផ្សេងៗគ្នា រួមមានភូមិភារកិច្ច ភូមិហ្មសែត ភូមិចំការស្រម៉ូវ ក្នុងសង្កាត់ប៉ាលហាលក្នុងក្រុង-ខេត្តព្រះវិហារ កំពុងស្វែងរកអន្តរាគមន៍ដោះស្រាយ ពីរឿងអាជ្ញាធរក្រុងព្រះវិហារ ដាក់បំរាមហាមមិនឱ្យលោកមេភូមិចំនួនបីរួមមានមេភូមិភារកិច្ច មេភូមិហ្មសែត មេភូមិចំការស្រម៉ូវ និងលោកចៅសង្កាត់ប៉ាលហាលផងដែរ មិនឲ្យចុះហត្ថលេខាលើពាក្យស្នើសុំកាត់ឆ្វៀលដីស្រែចំការដែលពួកគាត់បានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ។

អ្នកតាមដានព័ត៌មានខ្លះបានយល់ឃើញថា ខេត្ត ព្រះវិហារ ជាខេត្តមួយនៅ ចុង កាត់ មាត់ ញក គឺ ជា តំបន់ ចុង ក្រោយ ដែល ក្រុមឈ្មួញដីធ្លីជាច្រើន កំពុងសម្រុកទៅរកទិញដីនៅទីនោះបន្តបន្ទាប់ ខណៈខេត្តផ្សេងៗគ្នាបានផ្ដល់ឱ្យក្រុមហ៊ុនធ្វើសម្បទានសេដ្ឋកិច្ចស្ទើរតែអស់ទៅហើយនោះ។ ក្រុមឈ្មួញដីធ្លីធំៗបានសម្រុកទៅរកទិញដីនៅខេត្តព្រះវិហារជាបន្តបន្ទាប់ បាន ធ្វើ ឱ្យ ប្រជាពលរដ្ឋ ដែល ធ្លាប់ តែ ប្រកប របរ ចិញ្ចឹម ជីវិត  ពីដីស្រែចំការ និងអាស្រ័យផលពីព្រៃឈើដោយស្ងប់ស្ងាត់ ក៏ ចាប់ ផ្ដើម ប្រែ ក្លាយ ទៅ ជា មាន បញ្ហា ជម្លោះ និងរំលោភយកដីធ្លីពីប្រជាពលរដ្ឋទន់ខ្សោយកាន់តែច្រើនឡើងៗ។

បើផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣ខែមិថុនាឆ្នាំ ២០២០ យើងនៅចាំមិនច្រឡំទេ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវកាត់ឆ្វៀលដីនិងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ លើទីតាំងដីដែលស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិតំបន់ព្រៃបៃតង និងកម្របព្រៃឈើនៅតាមបណ្តាខេត្ត នឹងត្រូវបន្ថែមការត្រៀមបម្រុងដី ១០% សម្រាប់ប្រើប្រាស់រួមរបស់សហគមន៍។ល។

មិនតែប៉ុណ្ណោះរដ្ឋបាលសាលាខេត្តព្រះវិហារក៏បានចេញ សជណលេខ ៣៩៧ ចេញនៅថ្ងៃសុក្រ ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ របស់រដ្ឋបាលខេត្តព្រះវិហារ ចុះថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០ដោយបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំលើទីតាំងដីឋិតនៅក្នុងដែនគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដូចជាដីសម្បទានសេដ្ឋកិច្ច ដីសហគមន៍ព្រៃឈើ ដី ព្រៃសម្បទាន ដីព្រៃដីការដកហូត ដីដាំកូនឈើសហការដៃគូរ ដីចម្ការឈើរដ្ឋ ដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើឡើងវិញស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សូមឲ្យមកដាក់ពាក្យស្នើសុំតាមសាលាឃុំសង្កាត់ ដោយតម្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ ឯកសារពាក់ព័ន្ធកាន់កាប់ដីធ្លី លិខិតលក់ទិញ ពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតផ្ទេរសិទ្ធ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង។

មហាជនភាគច្រើនលើកជាសំណួរសួរថា តើមានមូលហេតុអ្វីបានជាអាជ្ញាធរក្រុងព្រះវិហារ ហាមឃាត់មេភូមិចៅសង្កាត់ខាងលើមិនឲ្យចុះហត្ថលេខាលើការស្នើសុំកាន់កាប់ដីធ្លីស្ថិតនៅតំបន់អូរខ្នុរ ក្នុងសង្កាត់ប៉ាលហាល ដែលពួកគាត់ធ្លាប់បានកាន់កាប់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយយ៉ាងនេះទៅវិញ..? ឬមួយពាក់ព័ន្ធនិងមន្ត្រីគ្រាប់ល្ពៅដៃដប់ជើង២ មានចេតនាចង់រំលោភយកដីរបស់ប្រជាពលរដ្ឋនៅតំបន់អូរខ្នុរនោះ..?

ពលរដ្ឋខ្លះឆ្ងល់ថា តើសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសេចក្តីជូនដំណឹងរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ គ្រាន់តែជាបទចម្រៀងក្នុងបន្ទប់ខារ៉ាអូខេសម្រាប់កំដរអារម្មណ៍របស់លោកប៉ុក ងួន ចៅហ្វាយក្រុងព្រះវិហារឬយ៉ាងណា..? បានជាអាជ្ញាធរក្រុងព្រះវិហារ ពិសេសលោក ប៉ុក ងួនអភិបាលក្រុង មិនយកចិត្តទុកដាក់ដោះស្រាយ បែរជាអនុវត្តផ្ទុយនឹងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ..?

ទាក់ទិននឹងរឿងស្មុគស្មាញខាងលើនេះយើងបានទំនាក់ទំនងជាមួយលោកមេភូមិខាងលើប៉ុន្តែលោកមេភូមិទាំងនោះលោកមិនហ៊ានធ្វើអត្ថាធិប្បាយក្នុងរឿងនេះទេ ជំុរុញឲ្យយើងសួរទៅខាងសង្កាត់ លោកឈួង សែ ជំុទប់ទី ១សង្កាត់ប៉ាលហាលបានឆ្លើយតាមទូរស័ព្ទប្រាប់ថា(ការហាមមិនឱ្យមេភូមិទាំងបីចុះហត្ថលេខាលើការស្នើសុំកាត់ឆ្វៀលដីធ្លីរបស់ពលរដ្ឋក្នុងភូមិទាំងបីនោះពិតជាមានមែន)។(ប៉ុន្តែត្រង់សំនួរសួរថា បើធ្វើយ៉ាងនេះវាផ្ទុយនឹងសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្តីជូនដំណឹងរបស់ឯកឧត្តមអភិបាលខេត្តដែរឬទេនោះ ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបាននោះទេ ត្បិតអីខាងសាលាក្រុងគេថាមិនខុសផង សុំអធ្យាស្រ័យខ្ញុំមិនហ៊ានបកស្រាយរឿងនេះទេ សូមលោកសួរទៅសាលាក្រុងទៅ !) ។

សំនួរគ្មានចម្លើយមានតែពាក្យដោះសារ រុញដាក់គ្នាពីមួយទៅមួយធ្វើឱ្យអ្នកសារព័ត៌មានយើ​ងយល់ឃើញថា នៅក្នុងខេត្តព្រះវិហារ សំបូរណាស់អ្នកនាំពាក្យមានគ្រប់មន្ទីរស្ថាប័នរដ្ឋ ប៉ុន្តែគ្មានពាក្យនាំមកប្រាប់យើងវិញនៅការពិតនោះទេ ។ ទោះជាយ៉ាងណាយើងនៅចាំបានថា ថ្មីៗកន្លងទៅនេះ នៅក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ១៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ នៅរាជធានីភ្នំពេញត្រូវថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថាដំណាក់កាលនេះជាពេលវេលាដែលត្រូវវះកាត់រាល់ជនខិលខូចទាំងឡាយណាដែលឃុបឃិតគ្នាយកដីរដ្ឋនិងដីប្រជាពលរដ្ឋហើយប្រើល្បិចកលផ្សេងៗគឺត្រូវផ្ដន្ទាទោស ហើយនឹងឈានទៅដល់ការដកហូតមុខតំណែងនឹងត្រូវបណ្ដេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្ដង ចំពោះប័ណ្ណកម្មសិទ្ធិដីធ្លីទាំងឡាយណាដែលចេញពីអំពើទុច្ចរិត គឺត្រូវធ្វើមោឃភាពចោល ៕ (ដោយ ព្រឹទ្ធាចារ្យ គឹម សារឿន)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close