ប្រជាកសិករព្រួយបារម្ភ តម្លៃសណ្តែកបាយឆ្នាំនេះ
ផ្ទៃដីដាំដុះសណ្តែកបាយ របស់កសិករនៅខេត្តព្រះវិហារឆ្នាំនេះឃើញថា ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ប៉ុន្តែពួកគាត់និយាយថា ការដាំដុះឆ្នាំនេះជាការផ្សងព្រេង ព្រោះពួកគាត់កំពុងបារម្ភនឹងតម្លៃទីផ្សារក្នុងពេលប្រមូលផលឆាប់ៗខាងមុខនេះ ខណៈកសិករខ្លះបានប្តូរពីការដាំដុះដំណាំនេះមកដាំចេកវិញ ដែលសង្ឃឹមថា ទទួលផលចំណេញច្រើនជាងសណ្តែកបាយ ។
នៅក្នុងចម្ការសណ្តែក អ្នកស្រី សែម ស៊ីនួន ជាកសិកររស់នៅភូមិស្រមូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា នៅក្នុងឆ្នាំ២០១៧នេះ អ្នកស្រីនៅតែបន្តដាំដុះសណ្តែកបាយដដែល ដោយជួលដីពីគេក្នុង១ហិកតា១រដូវតម្លៃចន្លោះពី១លាន៥សែនរៀលទៅ២លានរៀល ។ ការដាំដុះនោះចាប់ពីខែមីនាទៅ រហូតដល់ចុងខែឧសភាឬដើមខែមិថុនាអាចប្រមូលផលបានហើយ តែពួកគាត់កំពុងបារម្ភខ្លាចនៅពេលប្រមូលផលសណ្តែកបាយ ឈ្មួញបង្អាប់ថ្លៃដូចឆ្នាំមុនទៀត ។
អ្នកស្រីបញ្ជាក់ថា ការដាំដុះនេះដូចជាការផ្សងព្រេងរបស់កសិករ ព្រោះបច្ចុប្បន្នមិនទាន់ដឹងថា ទីផ្សារសណ្តែកបាយនេះមានតម្លៃប៉ុន្មាននោះទេក្នុង១គីឡូក្រាម ។ កាលពី៥ទៅ៦ឆ្នាំ មុន តម្លៃទីផ្សារសណ្តែកបាយគួរសមដែរ ដែលអាចឲ្យកសិករទទួលយកបាន គឺចន្លោះពី៤.០០០រៀលទៅ៥.០០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែ រយៈពេល៣ឆ្នាំចុងក្រោយនេះឃើញថាមានការធ្លាក់ថ្លៃរហូតមិនឃើញឡើងវិញទេ ដោយទទួលបានតម្លៃទាបបំផុតគឺពី២.០០០រៀលទៅ២.៥០០រៀល ដល់ពេលប្រមូលផលមកដោះស្រាយសងថ្លៃដាំដុះមិនគ្រាន់ផង។ ជាក់ស្តែងឆ្នាំទៅមិញ ការប្រមូលផលសណ្តែករបស់កសិករឃើញថា ផលបានយកមកលក់មិនស្មើនឹងថ្លៃថ្នាំបាញ់សម្លាប់ដង្កូវនោះទេ ព្រោះឆ្នាំមុន មានបាតុភាពដង្កូវហ្វូងស៊ីបំផ្លាញដំណាំពួកគាត់ ។
អ្នកស្រីសង្ឃឹមថា ឆ្នាំនេះរាជរដ្ឋាភិបាលនឹងជួយស្វែងរកទីផ្សារនិងបង្កើនតម្លៃទីផ្សារសណ្តែកបាយនេះ ដល់ពួកគាត់ជាកសិករឲ្យបានសមរម្យផង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ឲ្យមានភាពធូរធារបន្ថែមទៀត ។
ដោយឡែកអ្នកស្រី រស់ សុគា ជាអ្នកដាំដុះសណ្តែកបាយមួយរូបដែរ នៅសង្កាត់ប៉ាល ហាល ក្រុងព្រះវិហារ បានលើកឡើងថា ឆ្នាំនេះអ្នកស្រីដាំសណ្តែកបាយជាលើកចុងក្រោយ ហើយ ព្រោះថាពី១ឆ្នាំទៅ១ឆ្នាំដល់ពេលប្រមូលផល អ្នកស្រីលក់សណ្តែកបាយខាតរហូត ដោយសារតែតម្លៃទីផ្សារថោក លក់មិនរួចដើម ។ អ្នកស្រីអះអាងថា នៅឆ្នាំក្រោយ អ្នកស្រីនឹងងាកមកចាប់យកការដាំចេកវិញម្តង ព្រោះដំណាំចេកនេះ នៅខេត្តព្រះវិហារបច្ចុប្បន្នមានតម្លៃថ្លៃគូរសមជាងសណ្តែកបាយ ហើយក៏មិនមានបញ្ហាទីផ្សារគួរឲ្យព្រួយបារម្ភដូចសណ្តែកនោះទេ ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ដំណាំសណ្តែកបាយឆ្នាំនេះមានការលូតលាស់ល្អណាស់ ស្ទើរតែ១០០% ដោយសារតែអំណោយផលពីធម្មជាតិ គឺមានភ្លៀងធ្លាក់គ្រប់គ្រាន់ មិនដូចឆ្នាំមុនឡើយ ដែលកសិករដាំសណ្តែកបាយឆ្នាំមុន រងការបំផ្លាញពីដង្កូវហ្វូង ។ លោកបញ្ជាក់ថា ប្រសិនណាភ្លៀងធ្លាក់គ្រប់គ្រាន់ នោះបញ្ហាបំផ្លាញដំណាំសណ្តែកដោយសត្វដង្កូវនឹងមិនមានឡើយ។
ដោយឡែកជុំវិញតម្លៃទីផ្សារ លោកប្រធានមន្ទីរអះអាងថា នៅពេលប្រមូលផលកសិករដែលបានដាំដុះ ប្រមូលផលដើមដៃមិនមានបញ្ហាទេ ព្រោះសណ្តែកបាយនេះមានតម្លៃចាប់ពី៣.០០០រៀលទៅ៤.០០០រៀល ប៉ុន្តែកសិករខ្លះដែលដាំដុះយឺតយ៉ាវ នឹងប្រមូលផលចុងដៃ អាចនឹងលក់សណ្តែកបាយនេះធ្លាក់ថ្លៃបន្តិច ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឆ្នាំ២០១៧នេះបង្ហាញថា ផ្ទៃដីដាំដុះសណ្តែកបាយមានចំនួនជិត១ម៉ឺនហិកតា បើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺប្រហាក់ប្រហែលគ្នា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។