ភាជន៍​ដី​ដុត​ពណ៌​បៃតង​មួយ ប្រទះឃើញ​ក្នុង​ដំណើរការ​ជួសជុល​ប្រាសាទលលៃ​

​ខេត្តសៀមរាប​៖ ភាជន៍​ធ្វើ​ពី​ដី​ដុត​មាន​ស្រទាប់​រលោង​ពណ៍​បៃតង​ចំនួន​មួយ បាន​រកឃើញ​នៅលើ​ខឿន​ត្រង់​មាត់​ជណ្តើរ​ខាងលិច​នៃ​តួ​ប៉ម​ឦសាន​ប្រាសាទលលៃ​។ ភាជន៍​ធ្វើ​ពី​ដី​ដុត​ដែលមាន​ទំហំ​មាត់​២០​ស​.​ម និង​កម្ពស់​១០​ស​.​ម​នេះ ប្រើប្រាស់​ជា​កោដ្ឋ​សម្រាប់​ដាក់​ធាតុ និង​បាន​បញ្ចុះ​នៅ​ជុំវិញ​បរិវេណ​ប្រាសាទបុរាណ​។​ ​ទំនៀម​បុរាណ​នេះ បាន​បន្ត​រៀងមក ទោះ​មានការ​ប្រែប្រួល​ខ្លះ តែ​ក្នុង​បំណង​ដើម្បីឱ្យ​អ្នក​ដែល​ស្លាប់​នោះបាន​ទៅ​ភ្ជាប់​និស្ស័យ​នឹង​ទេព​។​

​លោក ឈូក សុ​ម៉ា​ឡា បុរាណ​វិទូ​និង​ជាម​ន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុមការងារ​ជួសជុល​បាន​រកឃើញ​ភាជន៍​ដែល​ប្រើប្រាស់​ជា​កោដ្ឋ​ដាក់​ធាតុ​បញ្ចុះ​នៅ​ជុំវិញ​បរិវេណ​នៃ​តួ​ប៉ម​ប្រាសាទលលៃ​នេះ​។ តួយ៉ាង​ដូចជា​នៅ​ឆ្នាំ​២០១៤ យើង​ធ្លាប់​រកឃើញ​កោដ្ឋ​ចំនួន​១១​រួចមកហើយ ដែល​បាន​កប់​បញ្ចុះ​នៅក្បែរៗ​គ្នា​នៅ​ជ្រុង​ឦសាន​នៃ​តួ​ប៉ម​ដដែល​នេះ ហើយ​ភាជន៍​ទាំងនោះ​ភាគច្រើន​ជា​ភាជន៍​មាន​រាង​មូល​ដូចជា​ចានគោម ដោយ​ខ្លះ​មាន​គម្រប និង​ខ្លះ​គ្មាន ។​

​លោក​បាន​បន្ថែមទៀតថា ភាជន៍​ប្រើ​ជា​កោដ្ឋ​ដែល​បាន​រកឃើញ​ថ្មី​នេះ មាន​មាត់ធំ ខ្លួន​ត្រង់ និង​បាត​រាបស្មើ ប្លែក​ខុសពី​គេ រាងដូចជា​ផើង គ្មាន​គម្រប ដែល​មិន​ធ្លាប់​ឃើញ​មាន​ពីមុន​នោះឡើយ​។ រីឯ​ផ្ទៃ​សាច់​ភាជន៍​មាន​ស្រទាប់​រលោង​ក្រាស់​ពណ៌​បៃតង​។ តាម​ក្រុម​អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ បានឱ្យដឹងថា ភាជន៍​នេះ ជា​ប្រភេទ​ភាជន៍​នាំចូល​ពី​ប្រទេស​ចិន ដែល​ប្រហែលជា​នៅ​សតវត្ស​ទី​១៩​។​

​ក្រោយពី​ធ្វើ​ការកាយ​សម្អាត គូរ និង​ថតរូប​តាមបែប​បុរាណវិទ្យា​ដើម្បី​ចងក្រង​ទុកជា​ឯកសារ​សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​សិក្សា​បន្ត​រួចមក ក្រុមការងារ​បាន​បញ្ចុះ​កោដ្ឋ​នោះ​ទៅតាម​លក្ខណៈ​ដើម​វិញ ដូចគ្នា​នឹង​ភាជន៍​ដែល​ធ្លាប់​រកឃើញ​មុនៗ​មក​ដែរ ដើម្បី​ថែរក្សា​និង​អភិរក្ស​បេតិកភណ្ឌ​អរូបី គឺជា​លក្ខណៈពិសេស​រប​ស់​អង្គរ ដែល​បេតិកភណ្ឌ​រូបី​និង​អរូបី​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​។ ទន្ទឹមនឹងនេះ​ក៏​ជាការ​សម្តែង​សេចក្តី​គោរព​ដល់​គោលបំណង​របស់​គ្រួសារ​អ្នកស្លាប់ ដែល​ចង់ឱ្យ​បុព្វការី​ជន​របស់ខ្លួន​រស់​នៅឯ​បរលោក​ជាមួយនឹង​ទេព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close