ពេញ​មួយឆ្នាំ​២០២០! ក្រសួងបរិស្ថាន បង្ក្រាប​បទល្មើស​បាន ៨.៩១៧​ករណី​

ភ្នំពេញ​៖ «​ក្រសួងបរិស្ថាន​បង្ហាញ​នូវ​មោទកភាព​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សមា ជិ​ក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​និង​អង្គការ​ដៃគូ​ទាំងអស់​ដែល បាន​ចូលរួម​ការគ្រប់គ្រង​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​នៅក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ​ជាពិសេស​ក្នុងការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដោយបាន​បទល្មើស​ដែល​បង្ក្រាប បាន​នៅ​ឆ្នាំ​២០២០ មាន​កំណើន​ចំនួន ៣៤៤២​ករណី ឬ​កើនឡើង​ប្រមាណ ៣០%»​។ នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដោយបាន​បង្ហាញ​ពី​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​នៃ​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​ក្នុង តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦៨ កន្លែង ដែល​ស្ថិតនៅក្រោម​ការការពារ​និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បានឱ្យដឹងថា នៅ​ពេញ​មួយឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង ១២០០ នាក់​នៃ​ក្រសួងបរិស្ថាន​បាន​​ចុះ​ល្បាត​សរុប​ចំនួន ២៧.៥៨៨ លើក ខណៈ​នៅ​ការចុះ​ល្បាត​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន ២៤.០៤៨ លើក ពោល​គឺមាន​ការចុះ​ល្បាត​មានការ​កើនឡើង​ចំនួន ៣.៥៤០ លើក​។ ក្នុង​ការចុះ​ល្បាត​នេះ មន្ត្រី ឧ​ទ្យា​នុ​រក្ស​ដែលជា​មន្ត្រីនគរបាល យុត្តិធម៌​បា​ម​បង្ក្រាប​បទល្មើស​បាន​ចំនួន ៨.៩១៧ ករណី ខណៈ​ឆ្នាំ​២០១៩ បង្ក្រាបបាន​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ចំនួន ៥.៤៧៥ ករណី​គឺមាន​ការកើនឡើង​ចំនួន ៣.៤៤២ ករណី​។

​តាម​ការបញ្ជាក់ របស់​ឯកឧត្តម​រដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន បទល្មើស​ដែល​បង្ក្រាបបាន​ភាគច្រើន​ជា​បទល្មើស​លួច​កាប់​ឈើ ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វ​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​មានកា​រ​កើនឡើង បានបង្ហាញ​ពី​ការអនុវត្ត​ច្បាប់​កាន់​តែមាន​ប្រសិទ្ធភាព និង​បង្ហាញ​ពី​ការខិតខំ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍​តំបន់ការពារធម្មជាតិ និង​អ្នកពាក់ព័ន្ធ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការចុះ​ល្បាត​ការពារ​ព្រៃឈើ​និង​ជីវៈចម្រុះ​»​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក្រសួងបរិស្ថាន​បាន​ថ្លែងថា នៅ​ឆ្នាំ​២០២០ កន្លងទៅ សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​មាន​ចំនួន ៦០៥ ករណី ហើយ​នៅ​ឆ្នាំ​២០២០ មានការ​ផាកពិន័យ​អន្តរការណ៍​លើ​ជន​ប្រព្រឹត្តល្មើស​ចំនួន ៨៥៧ ករណី និង​បទល្មើស​ដែល​ត្រូវធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​មាន​ចំនួន ២៩៤៦ ករណី​។
​ឯកឧត្តម នេត្រ ភក្ត្រា បាន​បន្ថែមថា ក្នុង​ប្រតិបត្តិ​ការចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស នៅ​ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​រឹបអូស​រណា​យន្ត​បាន​ចំនួន ៤.០០៤ គ្រឿង គឺមាន​ការកើនឡើង​ប្រមាណ ៥០០ គ្រឿង ខណៈ​នៅ​ឆ្នាំ​២០១៩ រណា​យន្ត​ដែល​ត្រូវបាន​រឹបអូស​មាន​ចំនួន ៣.៤៩៤ គ្រឿង​។

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា ចំណែក​អន្ទាក់​ដែល​ត្រូវបាន ដោះ​បាន​ចេញពី​តំបន់ការពារធម្មជាតិ​ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន ៤៣.២៧០​អន្ទាក់ គឺមាន​ការកើនឡើង​ជិត ៤០០០​អន្ទាក់ ខណៈ នៅ​ឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់​ដែល​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​ដោះ​បាន​ចំនួន ៣៩.៣៨២ អន្ទាក់​។ នៅ​ឆ្នាំ​២០២០​កន្លងទៅ រថយន្ត​ចំនួន ២១៥ គ្រឿង​ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវបាន​រឹបអូស និង​គោយន្ត​ចំនួន ៦១១ គ្រឿង ព្រមទាំង​ម៉ូតូ​ចំនួន ៥៩០ គ្រឿង​ត្រូវបាន​ដកហូត​ផងដែរ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដកហូត​កាំភ្លើង​កែច្នៃ​ដែល​ប្រើ​សម្រាប់​បរបាញ់​សត្វ​បាន​ចំនួន ៧៣៧ ដើម និង​ដកហូត​ឈើ​បាន​ចំនួន ២៧១៨​ម៉ែត្រគូប​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ជាមួយ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​លែងមានទៀតហើយ គឺ​នៅមាន​បទ​ល្មើ​ល​ព្រៃឈើ​ខ្នាតតូច​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​និង​បន្ត​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បន្តទៀត​ដើម្បី​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​ដែល​កម្ពុជា​នៅមាន​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close