អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នឹង​សាងសង់​រួចរាល់​ពាក់កណ្តាល ខែមីនា ឆ្នាំ​២០២៣

​ខេត្តសៀមរាប​៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប កាលពី​ចុង​សប្តាហ៍​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ស្វែងយល់​អំពី​វឌ្ឍនភាព​នៃ​ការដ្ឋាន​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែលជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​កម្ពុជា​-​ចិន ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៥១​គីឡូ​មែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែលជា​៤០​គីឡូម៉ែត្រ ពី​ប្រាសាទ​អង្គ​វត្ត ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​អង្គរ អ៊ិន​ធើ​ណេ​សិ​នណល អ៊ែរ​ផត អ៊ិន​វេស​ម៉ិ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក (AIAI)​។​

​អ្នកជំនាញ​នៃ​ក្រុមការងារ​ចិន ដែល​កំពុង​ប្រតិបត្តិការ​នៅ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ឲ្យ​ដឹងថា តាម​ផែនការ​សម្រាប់​ឆ្នាំ​២០២១​នេះ ការសាងសង់​គម្រោង​ទាំងមូល គ្រោង​នឹង​សម្រេច​ឲ្យ​បាន​ប្រមាណ​ជា​៦៧% ដែល​នៅ​ក្នុងនោះ ការសាងសង់​ស្ថានីយ​អ្នកដំណើរ គ្រោង​នឹង​សម្រេច​ឲ្យ​បាន ៧៨% ការកសាង​តំបន់​ហោះហើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៤៥% និង សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយា​ដ្ឋា​ន​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៥០%​។​

​ម្យ៉ាងទៀត តាម​ផែនការ​ឆ្នាំ​២០២១ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​នឹង​ព​ន្លឿ​ន​ការ​សាសង់​ឲ្យ​បាន​៦៧% និង​បញ្ចប់​ការសាងសង់ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣​ខាងមុខ​។​

​អ្នកជំនាញ​ចិន​រូបនោះ ក៏បាន​រំលឹក​ឲ្យ​ដឹង​ដែរ​ថា ការដ្ឋាន​សាងសង់​ស្ថានីយ​អ្នកដំណើរ​ដែល​ចាប់ផ្តើម​ដំណើរការ​នា​ពាក់កណ្តាល​ខែមីនា មកដល់​ចុងឆ្នាំ​២០២០ គឺ​សម្រេចបាន​១៥%​។ ជាមួយនេះ សំណង់​តំបន់​ហោះហើរ​ដែល​ចាប់ផ្តើម​ការដ្ឋាន នា​ពាក់កណ្តាល​ខែតុលា មកដល់​ចុងឆ្នាំ​២០២០​ដូចគ្នា សម្រេចបាន​ប្រមាណ​ជា​១០%​។ ក្នុងនោះដែរ ក៏​ធានាបាន​ថា ការហោះហើរ​និង​ចុះចត មិនមាន​ផល​អវិជ្ជមាន​នៃប្រតិបត្តិ​ការ​របស់​អាកាសយាន​ដ្ឋា​ន ចំពោះ​ប្រាសាទ​អង្គ​វត្ត និង​សំណង់​ស្ថាបត្យកម្ម​ជុំវិញ​នោះឡើយ ម្យ៉ាងទៀត ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​នេះ ក៏​រក្សា​នូវ​បរិស្ថាន​ធម្មជាតិ​ទៀតផង​។​

​ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ គ្រោង​នឹង​បញ្ចប់​ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ក្រុមបច្ចេកទេស និង​អង្គភាព​ជំនាញ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣ គឺមាន​រយៈពេល​សរុប​៣៦​ខែ បើ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន ពាក់កណ្តាល​ខែ​មិនា ឆ្នាំ​២០២០​។​

​អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិតក្នុង​លំដាប់​4E មាន​ផ្លូវ​រត់​ប្រវែង ៣​ពាន់​៦០០​ម៉ែត្រ ទទឹង ៤៥​ម៉ែត្រ មាន​៣៨​ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង ៨​ម៉ឺន​ម៉ែត្រក្រឡា ដែល​អាច​ទទួល​អ្នកដំណើ​រ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជាង​៧​លាន​នាក់​។ អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​ដ៏​ធំ​មួយ​នេះដែរ ត្រូវបាន​ស្ថិតក្រោម​កិច្ចព្រមព្រៀង BOT រយៈពេល​៥៥​ឆ្នាំ ដែល​ក្រោយពេល​ប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ គម្រោង​នេះ​នឹងត្រូវ​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។

​ឯកឧត្តម ទៀ សីហា បាន​លើកឡើងថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​នេះ គឺជា​ការរួមចំណែក​ស​ម្រា​ប់​អនាគត​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាស​វ៉ៃ និង​ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​រវាង​កម្ពុជា​និង​ចិន ហើយក៏​ជា​សក្ខីភាព​មួយ​ដែរ បញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​នៃ​ប្រទេស​ទាំងពីរ ជម្រុញ​កិច្ចដំណើរការ​គម្រោង​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close