កម្ពុជា រកឃើញវត្តមានសត្វរំពេរទន្លេ ៦៨ក្បាល កើនឡើងទ្វេដង ក្នុងដើមឆ្នាំ២០២១
សត្វរំពេរទន្លេ ដែលជាប្រភេទបក្សីកម្របំផុត ក្នុងចំណោមបក្សីកម្រក្នុងតំបន់អាស៊ីអាគ្នេហ៍ បានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលកើនពី ៣១ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ក្បាល ក្នុងដើមឆ្នាំ២០២១។ ក្នុងប្រទេសកម្ពុជា សត្វរំពេរទន្លេ បានធ្លាក់ចុះ ៨០% ក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ ដែលមានចំនួនប៉ាន់ប្រមាណសរុបទូទាំងប្រទេសចន្លោះពី ៥៤ ដល់ ៦២ ក្បាល ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។
កត្តាគម្រាមកំហែងចម្បងៗចំពោះការរស់រានរបស់សត្វបក្សីនេះរួមមានការយាយីដល់ទីជម្រកធម្មជាតិរបស់វាបណ្តាលមកពីសកម្មភាពមនុស្ស ការជន់លិចសំបុក ការប្រមូលយកស៊ុតបក្សីដោយមនុស្ស និងការបំផ្លាញសំបុកសត្វដោយសត្វពាហនៈនិងសត្វរំពារផ្សេងៗ។ ដោយហេតុនេះហើយ ទើបអង្គការ IUCN បានផ្លាស់ប្តូរចំណាត់ថ្នាក់របស់បក្សីនេះក្នុងបញ្ជីក្រហមនៃប្រភេទសត្វទទួលរងគ្រោះរបស់ខ្លួន ពី “ជិតរងគ្រោះ” ទៅជាប្រភេទ “ងាយរងគ្រោះ”។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រតាមដានសត្វព្រៃរបស់អង្គការ WWF បានប្រទះឃើញសត្វរំពេរទន្លេសរុបចំនួន ៦៨ក្បាល ក្នុងអំឡុងពេលចាប់ផ្តើមសិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភះ ឆ្នាំ២០២១។
អ្នកវិទ្យាសាស្ត្រ បានឃើញវត្តមានរបស់សត្វរំពេរទន្លេដ៏អស្ចារ្យទាំងនេះ កំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំដើម្បីចាប់ត្រី ខណៈដែលសត្វរំពេរខ្លះទៀតកំពុងតែហើរក្រឡឹងចុះឡើងតាមឆ្នេរខ្សាច់ដែលជាទីជម្រកធម្មជាតិរបស់ពួកវា ដើម្បីបន្តពូជ។ ខណៈពេលនេះ រដូវបន្តពូជរបស់សត្វរំពេរទន្លេបានចាប់ផ្តើមហើយ។ កម្មវិធីអង្កេតបក្សីនេះ ទទួលបានការគាំទ្រថវិការបស់រដ្ឋាភិបាលប៊ែលហ្សិក (DGD) និងអង្គការ WWF-ប៊ែលហ្សិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។