អឺរ៉ុប បន្តជម្រុញ​កំណើន​ផលិតកម្ម​កសិកម្ម តាមរយៈ​ការអនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ នៅកម្ពុជា

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភ​: ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ប្រតិភូ​អញ្ជើញ​មកពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (European Chamber of Commerce in Cambodia, The EuroCham) ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន Tassilo Brinzer​។​

​ឆ្លៀត​យល​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រតិភូ​អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន​របស់​វិស័យ​កសិកម្ម​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​កម្ពុជា​ធានាបាន​នូវ​សន្តិសុខ​ស្បៀង ហើយ​បាននិងកំពុង​ជំរុញ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន កូរ៉េ និង​សហភាព​អឺរ៉ុប មាន​ជាអាទិ៍​៖ អង្ករ ម្រេច ចំណិត​ដំឡូង​ក្រៀម គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច ចេកអំបូង​លឿង ស្វាយកែវ​រមៀត និង​សេ​រ៉ូ​ស្វាយ​។​ល​។ ប៉ុន្តែ​ទោះជា​យ៉ាងណា សម្រាប់​ទីផ្សារ​អឺរ៉ុប ក្រៅពី​អង្ករ បរិមាណ​កសិផល​នាំចេញ​ដទៃទៀត ហាក់ដូចជា​នៅមានកម្រិត​ទាប ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​សុំ​លោក​ប្រធាន​ថ្មី​ជួយ​ពិនិត្យ ពិចារណា​លើ​កសិផល​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​អាច​នាំ​កសិផល​របស់ខ្លួន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​កាន់តែច្រើន​ថែមទៀត​។

​ទន្ទឹមនឹងនេះ ជួយផ្តល់​កិច្ចសហការ​លើ​ការងារ​បច្ចេកទេស​កសិក​ម្ម​សមស្រប ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម មាន​លក្ខណ​ប្រកួតប្រជែង បរិ​យា​ប័ន្ន និង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ​កសិផល ចំណី​សត្វ និង​ចំណី​ត្រី ការវិនិយោគ​លើ​វិស័យ​ធុរកិច្ច និង​កែច្នៃ​កសិកម្ម ដើម្បី​ប្រមូល​កសិផល បែងចែក ត្រួតពិនិត្យ និង​វាយតម្លៃ​គុណភាព ទី​ណាត់ជួប​រវាង​អ្នក​ផលិត និង​អ្នកបញ្ជា​ទិញ បង្កើត​ការងារ បង្កើន​តម្លៃបន្ថែម និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។​ល​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោក Brinzer និង​សហការី​បន្ថែមទៀតថា ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប ដើម្បី​រួមគ្នា​រក្សា​បរិយាកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ការធ្វើ​ធុរកិច្ច​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណ​កាន់តែ​ល្អប្រសើរ​។

​នាឱកាស​នេះ លោក Brinzer ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​ដែល​បានទទួល​ជួប​រូបលោក ហើយ​គោលបំណង​សំខាន់​នៃ​ជំនួប​នា​ព្រឹក​នេះ​គឺ​ដើម្បី ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង The EuroCham ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​យ៉ាង ណា​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

​លោក​បាន​សម្តែង​សុ​ទិដ្ឋិ​ថា បើទោះបី​កម្ពុជា​បាននិងកំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​អភិវឌ្ឍ​វិស័យ​មួយ​នេះ ឲ្យ​មានការ​រីកចម្រើន​ដូច​ប្រក្រតី មិនតែប៉ុណ្ណោះ​វា​កំពុងមាន​សន្ទុះ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ធានាបាន​សន្តិសុខ​ស្បៀង និង​ជំរុញ​ការនាំចេញ ក្នុងខណ​:​វិស័យ​មួយ​កំពុងមាន​វិបត្តិ​។ មួយវិញទៀត សហភាព​អឺរ៉ុប​នឹង​នៅតែ​ជា​ដៃគូ​សហការ​ជាមួយ​រាជ​រដ្ឋ​ស​ភិ​បាល​កម្ពុជា ពិសេស​ក្រសួង ក្នុងការ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ សម​ស្របតាម​តម្រូវការ​ទីផ្សារ ពង្រីក​ការកែច្នៃ​កសិផល ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ធានា​ដល់​ការប្រកួតប្រជែង ស្រប​ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close