កម្ពុជា ជាប្រទេសដំបូង ទទួលបានវ៉ាក់សាំងកូវីដ១៩ AstraZeneca ពីយន្តការ COVAX
ភ្នំពេញ៖ វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤ ០០០ដូស បានមកដល់កម្ពុជាហើយ យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ វ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអនុភាពមួយទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះ ឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល, អង្គការ Unicef និងអង្គការ WHO ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថា វ៉ាក់សាំងចំនួន ៣២៤ ០០០ ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុបចំនួន១.១លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។
ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ យន្តការ COVAX គឺជាកិច្ចខិតខំជាសកល ដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សេចក្តីប្រកាសព័ត៌មានបានសង្កត់ធ្ងន់ថា «កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីយន្តការ COVAX ។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងសកលលោកមានកម្រិត រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើលទ្ធកម្ម វ៉ាក់សាំងតាមរយៈមធ្យោបាយជាច្រើន ដែលបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាពលរដ្ឋ»។
ការចាក់វ៉ាក់សាំងដំបូងបង្អស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយគិតមកដល់ពេលនេះ មានមនុស្សជាង ៦៥ 000 នាក់បានចាក់វ៉ាក់សាំង។ ការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «នៅដំណាក់កាលដំបូងៗនៃ ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសង្គ្រោះជីវិត តាមរយៈការការពារបុគ្គលិកសុខាភិបាលជួរមុខ អ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ ១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារតែមេរោគកូវីដ-១៩។ នេះគឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីប្រើប្រាស់វ៉ាក់សាំង ដែលបរិមាណផ្គត់ផ្គង់នៅមានកម្រិត ក្នុងគោលបំណងសម្រេចឱ្យបានលទ្ធផល ជាអតិបរមានៅដំណាក់កាលដំបូងនេះ។ វ៉ាក់សាំងមិនត្រឹមតែជួយជីវិតប៉ុណ្ណោះទេ វាក៏ជួយពន្លឿនការស្តារសេដ្ឋកិច្ច ប្រទេសឡើងវិញផងដែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។