សេដ្ឋកិច្ចពិភពលោក អាចនឹងខាតបង់ជាង ៤ទ្រីលានដុល្លារ ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដលើវិស័យទេសចរណ៍
ភ្នំពេញ៖ តាមរបាយការណ៍រួមរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) និងទីភ្នាក់ងារសន្និសីទអង្គការសហប្រជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកអាចនឹងខាតបង់ជាង ៤ ទ្រីលានដុល្លារ ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍។
ស្ថាប័នអន្តរជាតិទាំងពីរបានបញ្ជាក់ថា ការធ្លាក់ចុះដ៏គំហុកនៃវិស័យទេសចរណ៍អន្តរជាតិបណ្ដាលមកពីវិបត្តិជំងឺកូវី-១៩ អាចនឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកខាតបង់ប្រមាណជាង ៤ ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលរួមមានផលប៉ះពាល់ក្នុងវិស័យទេសចរណ៍ផ្ទាល់ និងវិស័យជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កាលពីឆ្នាំ២០២០ ទំហំនៃផលប៉ះពាល់នេះមានប្រមាណ ២.៤ ទ្រីលានដុល្លារ ហើយតាមការប៉ាន់ស្មាន ឆ្នាំ២០២១ នឹងស្គាល់ការខាតបង់ប្រហាក់ប្រហែលគ្នាដែរ។ របាយការណ៍ក៍បានបង្ហាញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ពឹងផ្អែកលើការបង្កើនការចាក់វ៉ាក់សាំងក្នុងពិភពលោក។
លោកស្រី Isabelle Durant អគ្គលេខាធិការស្ដីទី UNCTAD បានលើកឡើងថា «ពិភពលោកត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជាសាកល ដែលនឹងចូលរួមការពារអ្នកបម្រើការងារ ដោះស្រាយឥទ្ធិពលអវិជ្ជមានមកលើសង្គមជាតិ និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍ តាមរយៈការគិតគូរដល់ការផ្លាស់ប្ដូរជារចនាសម្ពន្ធ និងមានសក្ដានុពលល្អ»។
លោក Zurab Pololikashivili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានបង្ហាញអំពីភាពចាំបាច់ក្នុងការចាប់ផ្ដើមឡើងវិញនៃវិស័យទេសចរណ៍អន្តរជាតិ ដោយលើកឡើងថា «វិស័យទេសចរណ៍គឺជាអាយុជីវិតរបស់មនុស្សរាប់លាននាក់។ ការបង្កើនការចាក់វ៉ាក់សាំង ដើម្បីការពារសហគមន៍ និងការការគាំទ្រការចាប់ផ្ដើមឡើងវិញនៃវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព ពិតជាមានភាពចំបាច់ណាស់ក្នុងការបង្កើតឡើងវិញនូវការងារ ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលភាគច្រើនមានភាពពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍»។
មានបញ្ហាមួយទៀតដែលអង្គការអន្តរជាតិទាំងពីរបានលើកឡើង នៅគឺប្រទេសកំពុងអភិវឌ្ឍរងគ្រោះដោយសារវិសមភាពវ៉ាក់សាំង។ អត្រាចាក់វាំងសាំងមិនមានភាពស្មើគ្នាទេ ក្នុងបណ្ដារប្រទេសនានា ដោយមានប្រទេសខ្លះបានទទួលការចាក់វ៉ាកសាំងក្រោម ១% និងខ្លះទៀតរហូតដល់ជាង ៦០% នៃប្រជាជនសរុប។ របាយការណ៍បានបញ្ជាក់ថា វិស័យទេសចរណ៍អាចនឹងងើបឡើងវិញលឿនក្នុងប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់ ដូចជា បារាំង អាល្លឺម៉ង់ ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្នុងដំណើរការចាប់ផ្ដើមឡើងវិញ អ្នកជំនាញសង្ឃឹមថា ចំនួនទេសចរអន្តរជាតិនឹងឈានដល់ចំណុចមុនវិបត្តិ (ឆ្នាំ២០១៩) នៅឆ្នាំ២០២៣ ឬយូរជាងនេះ។ ឧបសគ្គចម្បង គឺការរឹងបន្តឹងការធ្វើដំណើរ ភាពយឺតយ៉ាវនៃការទប់ស្កាត់ការឆ្លង ភាពជឿជាក់របស់អ្នកដំណើរ និងបរិស្ថានសេដ្ឋកិច្ចមិនប្រសើរ។
អង្គការទាំងពីរបានបញ្ជាក់ទៀតថា នៅឆ្នាំ២០២១ ការខាតបង់អាចមានរហូតដល់ ១.៨ ទ្រីលានដុល្លារ។ ក្នុងខណៈដែលការងើបឡើងវិញនៃវិស័យទេសចរណ៍អាចចាប់ផ្ដើមក្នុងឆមាសទី២ ឆ្នាំ២០២១ របាយការណ៍បានបង្ហាញថា ការខាតបង់ឆ្នាំ២០២១ អាចនឹងមានចន្លោះ ១.៧ ទ្រីលាន ដល់ ២.៤ ទ្រីលានដុល្លារ បើធៀបនឹងកម្រិតមុនវិបត្តិឆ្នាំ២០១៩។
របាយការណ៍បានបង្ហាញសេណារីយ៉ូចំនួន ៣ ដាក់ចេញដោយអង្គការទេសចរណ៍ពិភពលោក និង UNCTAD៖
* សេណារីយ៉ូទី១៖ ឆ្នាំ២០២១ អាចនឹងធ្លាក់ចុះ ៧៥% ធៀបនឹងកម្រិតឆ្នាំ២០១៩
* សេណារីយ៉ូទី២៖ ឆ្នាំ២០២១ អាចនឹងធ្លាក់ចុះ ៦៣% ធៀបនឹងកម្រិតឆ្នាំ២០១៩
* សេណារីយ៉ូទី៣៖ ឆ្នាំ២០២១ អាចនឹងធ្លាក់ចុះ ៧៥% ក្នុងប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងទាប និង ៣៧% ក្នុងប្រទេសដែលមានការចាក់វ៉ាក់សាំងច្រើន ជាពិសេសប្រទេសអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចតូច។ គេក៏បានលើកឡើងអំពីការបាត់បង់ការងារតាមបណ្ដារប្រទេសនានាផងដែរ។
របាយការណ៍បានបង្ហាញថា ការធ្លាក់ចុះនៃវិស័យទេសចរណ៍ធ្វើឲ្យភាពគ្មានការងារធ្វើ កើនឡើងជាមធ្យម ៥.៥% ចំពោះពលកម្មដែលគ្មានជំនាញ។ អត្រាកំណើននៃភាពគ្មានការងារនេះអាស្រ័យលើទំហំនៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិនៃបណ្ដាប្រទេសនានា ពោលភាពគ្មានការងារធ្វើអាចប្រែប្រួលក្នុងចន្លោះ ០% និង ១៥%។ មុនវិបត្តិ ចំនួនការងារក្នុងសេវាកម្មទេសចរណ៍មាន ៣០% ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍។
បញ្ហាទាំងនេះជាការខាតបង់ខ្លាំងជាងការគិតទុក ដោយឆ្នាំ២០២០ ទេសចរណ៍ពិភពលោកធ្លាក់ចុះ ៧៣% ប្រមាណ ១,០០០ លាននាក់ ធៀបនឹងកម្រិតមុនវិបត្តិ ឆ្នាំ២០១៩។ រយៈពេលត្រីមាសទី១ ឆ្នាំ២០២១ ទេសចរណ៍ពិភពលោកបន្តធ្លាក់ចុះរហូតដល់ ៨៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ឆ្នាំ២០២០ កន្លងទៅ ប្រទេសកំពុងអភិវឌ្ឍបានស្គាល់ការធ្លាក់ចុះខ្លាំង ចន្លោះ ៦០% និង ៨០%។ តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ៖ អាស៊ីឦសាន អាស៊ីអាគ្នេយ៍ អូសេអានី អាហ្វ្រិកខាងជើង និងអាស៊ីខាងត្បូង។ តំបន់ដែលរងគ្រោះតិច គឺអាមេរិកខាងជើង អឺរ៉ុបខាងលិច និងតំបន់ការ៉ាបៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។