ក្រសួងកសិកម្ម​៖ ភាពជោគជ័យ​របស់​ស​ហគ​មន៍​កសិកម្ម​សំបូរ​មានជ័យ ក្នុងការ​ប្រក​បរបរ​ទីផ្សារ​បន្លែ និង​ឈើ ហូប​ផ្លែ “

បច្ចុប្បន្ន សហគមន៍​កសិកម្ម បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​យ៉ាងសកម្ម​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ជាពិសេស​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការបង្កើន​ការនាំចេញ​អង្ករ ការជំរុញ​ផលិតកម្ម​សាកវប្បកម្ម ការលើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម ក្នុងទិសដៅ​ដ៏​ចំបង​មួយ​គឺ​ការធានា​សន្តិសុខ​ស្បៀង ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ កសាង​សុខដុម​នីយកម្ម​ក្នុង​រង្វង់​សមាជិក​សហគមន៍ និង​រួមចំណែក​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ​។​

​ផ្តើមចេញពី​ពាក្យ​ថា “​មានគំនិត និង​មានកំណើត​” បានធ្វើ​ឲ្យ​សហគមន៍​មួយ​នេះ​ក្នុងចំណោម​សហគមន៍​កសិកម្ម​ដែល​ទទួលបាន​ជោគជ័យ ​គឺ​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​បង្កើតឡើង​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១០ មាន​សមាជិក​សរុប​ចំនួន ៨៨​គ្រួសារ (​ស្ត្រី ៥០) មាន​ទុន​សរុប​ចំនួន ៨ ០១១ ០០០ រៀល​។ បច្ចុប្បន្ន មាន​សមាជិក​កើន​ដល់​ចំនួន ៦៨៩ គ្រួសារ (​ស្ត្រី ៣៩១) មាន​ភាគហ៊ុន​សរុប​ចំនួន ១៥ ២៧២ ហ៊ុន ហើយ​ទុន​សរុប​កើនឡើង​រហូតដល់​ចំនួន ១ ៥៦៩ ៤៩៩ ៨០០ រៀល (​ប្រមាណ ៣៩២,៣៧៤ ដុល្លារ​អាមេរិក​)​។

​លោក ឆេង ថុង ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​ឲ្យ​ដឹងថា ភាព​រីកចម្រើន​របស់​សហគមន៍​បានមក​ដោយសារ​មានការ​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី វេ​ង សាខុន ដែល​លោក​តែងតែ​ឧស្សាហ៍​ចុះទៅ​ផ្តល់​កំលាំងចិត្ត និង​គំនិត​ណែនាំ​ល្អៗ រួមជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម មាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្មបាន​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស ការរៀបចំ​ផែនការ ការគ្រប់គ្រង​ទីផ្សារ ការកត់ត្រា​បញ្ជីស្នាម ការចង ក្រង​ក្រុម​ផលិត និង​ការរៀបចំ​កិច្ចសន្យា​ផលិតកម្ម​។

​ភាពជោគជ័យ​នេះ បានជា​ទុន​ទាំង​កំលាំងកាយ ចិត្ត និង​ធនធាន ជំរុញ​ឲ្យ​សហគមន៍​ពង្រីក​សក្តានុពល​ផលិតកម្ម​កសិកម្ម​រប​ស់​ខ្លួន​តាមរយៈ​ទិញ​ដី​ជិត ១០​ហ​ត សម្រាប់​ពង្រីក​ផលិតកម្ម​បន្ថែមទៀត​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។ ដើម្បី បំពេញតម្រូវការ​ឲ្យ​សមាជិក​សហគមន៍ សហគមន៍​បាន​កសាង​មានដូចជា ៖ ហេ​ដ្ឋា​រចនា សម្ព័ន្ធ ទីស្នាក់ការ មួយ​; ឃ្លាំង​ស្តុក​ចំនួន បី​; ឡ​សំ​ងួ​ត​ចំនួន​មួយ​; លាន​ហាល​កសិផល ១​កន្លែង ; ម៉ាស៊ីន​កែច្នៃ​ប្រេង​ស្លឹកគ្រៃ​មួយ​; រថយន្ត​ដឹកទំនិញ ១​គ្រឿង​; ម៉ាស៊ីន​ព្រួស​ស្រូវ​ចំនួន មួយគ្រឿង ម៉ាស៊ីនបោកស្រូវ​ចំនួន​មួយគ្រឿង​; ម៉ាស៊ីន​ច្រូត និង​ម៉ាស៊ីន​សំអាត​គ្រាប់ពូជ​ខ្នាតតូច ព្រមទាំង​ឧបករណ៍​ផលិតកម្ម​កសិកម្ម​ខ្នាតតូច​ជាច្រើន​ទៀត​។ ក្រៅពីនេះ សហគមន៍​ក៏មាន​ផ្សារ​លក់​កសិផល​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន មាន​តូប​លក់​កសិផល​នៅ​ផ្សារ​នាគ​មាស (​រាជធានី​ភ្នំពេញ​) ផងដែរ​។

​នៅ​ឆ្នាំ​២០២០ សហគមន៍​បានធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន AMRU RICE លក់​ស្រូវ​ចំណី​ចំនួន ៥០០​តោន​/​ឆ្នាំ ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នកលក់​គ្រាប់​ពូជស្រូវ​ក្នុងស្រុក​ស្ទឹងត្រង់​ចំនួន ៣៦០​តោន​/​ឆ្នាំ ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្គត់ផ្គង់​បន្លែ សាច់ និង​អង្ករ ជូន​សាលារៀន​ចំនួន​០៨ ក្នុងស្រុក​ស្ទឹងត្រង់ ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ចែកចាយ​ផលិត​ប្រេង​ស្លឹកគ្រៃ​ចំនួន ៣០​លីត្រ​/​ខែ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ឈ្មួញ​បោះ​ដុំ​ស្លឹកគ្រៃ​ចំនួន ៩៨០​តោន​/​ឆ្នាំ​។​ល​។

​តាមរយ​:​ការធ្វើ​អាជីវ​កម្មនេះ សហគមន៍​ទទួលបាន​ប្រាក់ចំណូល​ចំនួន ៣ ១២៤ ៨០៦ ៥០០ រៀល ក្នុងនោះ ៖ ១២៨ ០៣៦ ៤០០​រៀល បានមកពី​សេវា​ឥណទាន ១ ០៦៣ ៧៦៨ ៩០០ រៀល បានមកពី​ការផ្គត់ផ្គង់​ជី​កសិកម្ម ១ ៧៦៨ ០៩០ ៨០០​រៀល បានមកពី​ទីផ្សារ និង ១៦៤ ៩១០ ៤០០​រៀល បានមកពី​សេវាកម្ម​ប្រើ ប្រាស់​រួមគ្នា និង​សេវា​ផ្សេងៗ​ទៀត​។ ដោយសារ​ភាពជោគជ័យ​នេះ សហគមន៍​កសិកម្ម​សំបូរ​មានជ័យ​បានទទួល​ជ័យលាភី​លេខ​១ ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៧ លើ​ប្រធានបទ “​ភាពជោគជ័យ​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​សហគមន៍​កសិកម្ម​” ដោយ​ទទួលបាន​បណ្ណ​សរសើរ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជាពិសេស ទទួលបាន​ពាន់រង្វាន់​លេខ​១ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នៅក្នុង​ពិធី​បិទ​សន្និបាត​កសិកម្ម​ទូទាំងប្រទេស​នៅក្នុង​ឆ្នាំ​នោះ​ផងដែរ​។

​សូម​ជម្រាបជូន​ថា ចាប់តាំងពី​ឆ្នាំ​២០០៣ រហូតដល់​ត្រឹម​ចុងឆ្នាំ​២០២១ សហគមន៍​កសិកម្ម​ដែល​បាន​បង្កើត និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម មាន​ចំនួន ១ ២០០​សហគមន៍ មាន​សមាជិក​សរុប​ចំនួន ១៤៤ ៣០៦​នាក់ គិត​ជា​គ្រួសារ​កសិករ​មាន​ចំនួន ១៣១ ៦០៦​គ្រួសារ និង​មាន​ដើមទុន​សរុប​ប្រមាណ ៩៩ ៤៨៩ ៤៨៥ ០៥៩ រៀល (​ស្មើ ២៤,៨ លាន​ដុល្លារ​) ហើយ​សហគមន៍​កសិក​ម្ម​ទាំងអស់នេះ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សាមី​។ ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​” ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ព្រះរាជ​ហរ​ទ័យ​ប្រកាស​ដាក់ឱ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ នស​/​រកម​/០៦១៣/០០៨ ចុះ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៣​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close