ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​អាស៊ាន កំពុង​ពិភាក្សា​ពី​ការបើក​ទេសចរណ៍​តំបន់​អាស៊ាន​ឡើងវិញ នាពេល​ដ៏​ឆាប់​ខាងមុខ​

​ព្រះសីហនុ​៖ ឯកឧត្តម ថោង រដ្ឋ​សក្តិ ប្រធាន​អង្គប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​លើក​ទី​៥៥ និង​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៤-១៥ ខែធ្នូ ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន នៅ​ក្រុងព្រះសីហនុ ស្រប​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កា​ររ​ប្រលងប្រណាំង​ជ្រើសរើស​ជើងឯក​ទូកក្តោង​អាស៊ាន South East Asian Sailing Championship (SEAS)​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ថ្នាក់​អគ្គនាយក​ទេសចរណ៍​អាស៊ាន ប្រទេស​បូក​បី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋាន​អាស៊ាន មជ្ឍមណ្ឌល​អាស៊ាន ចិន ជប៉ុន និង​កូរ៉េ សមាគម​ធ្វើដំណើរ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក សមាគម​ទេសចរណ៍​អាស៊ាន សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក US-ABC (VISA, Agoda and Google….) ដែលមាន​សមាសភាព​ប្រមាណ​ជាង​១៥០​នាក់ តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុងអំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន​២០២២ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ប្រធានបទ អាស៊ាន​៖ សហគមន៍​សន្តិភាព និង​វាសនា​តែមួយ​។​

​ដើម្បី​គាំទ្រ​ការបើកទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កំស្សាន្ត​តំបន់​អាស៊ាន​ឡើងវិញ ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន និង​ដៃគូ​បាន​ពិភាក្សា និង​ឯកភាពគ្នា​ដូចតទៅ​៖
១៖ រៀបចំ​សកម្មភាព​ការងារ​ដើម្បី​អនុវត្ត​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ក្រោយ​វិ​ប​ត្ត​កូ​វីដ​-១៩ ឆ្នាំ​២០២១-២០២៥​។​
២៖ ការរៀបចំ និង​បង្កើត​ក្របខណ្ឌ​គោលនយោបាយ​សម្រាប់​ការអភិវឌ្ឍ​គោល​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​ចីរភាព ដោយ​ផ្អែកលើ​ការសិក្សា​វាយតម្លៃ​លើ​ទំហំ​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​អាស៊ាន​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា ស្របតាម​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការ​ភ្នំពេញ​ស្តីពី​ការអភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​មាន​ភាព​ធន់​កាន់តែ​ប្រសើរឡើង ឆ្ពោះទៅ​អនាគត​រួមគ្នា​។​
៣៖ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​អាស៊ាន ២០២១-២០២៥​។ គួរ​បញ្ជាក់ថា ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ របស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​គ្របដណ្តប់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​អាស៊ាន​២០២១-២០២៥​ផងដែរ​។​
៤៖ ការរៀបចំ​គោលការណ៍​អាស៊ាន​ស្តីពី​ការវាយតម្លៃ​ការសិក្សា​ពីមុន ក្នុង​គោលដៅ​ផ្តល់ឱកាស​ដល់​ឲ្យ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន​ដែល​គ្មាន​សញ្ញាបត្រ​បញ្ជាក់​ការសិក្សា ប៉ុន្តែ​ពួកគាត់​មានបទពិសោធន៍​ការងារ និង​ចំណេះដឹង​ក្នុង​ការងារ​អនុវត្ត​ផ្ទាល់ ក្នុងការ​ទទួលបាន​ស​ញ្ញាប​ត្រ​បញ្ជាក់​ជំនាញ​របស់​ពួកគាត់​។​
៥៖ ការអនុវត្ត​ម័ត​លើ​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​សហគមន៍ ក្នុងការ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ក្នុងអំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន​២០២២​។​
៦៖ ការជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ អាស៊ាន​នឹងដាក់​ចេញ​ឯកសារ​មគ្គុទ្ទេសក៍​ស្តីពី​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន​។​
៧៖ ការរៀបចំ​ឲ្យ​មានគំនិត​ផ្តួចផ្តើម​រួម​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង AI ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន ស្របតាម​សេចក្ដីថ្លែងការណ៍​អាស៊ាន​ស្ដីពី​ទេសចរណ៍​ឌីជីថល ដែល​បានដាក់ចុះ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
៨៖ ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា ជាពិសេស​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដូចជា​សៀមរាប និង​ព្រះសីហនុ​ជាដើម​។​
​សូមបញ្ជាក់ថា ឯកសារ​ខាងលើ​នឹងត្រូវ​ដាក់​ឆ្លង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដើម្បី​សុំ​ការណែនាំ និង​តម្រង់ទិស​សម្រាប់​ការអនុវត្ត​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close