អាជ្ញាធរ នឹងចុះធ្វើអត្តសញ្ញាណពលរដ្ឋ ដែលសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ នាពេលដ៏ខ្លីខាងមុខ
សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀត ស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក លំនៅដ្ឋាន និង ជាប្រធានក្រុមការងារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាអគ្គនាយក ទីប្រឹក្សារបស់ក្រសួង និង គណៈអភិបាលខេត្ត អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោ ដី មកពី៥រាជធានី ខេត្ត ,អាជ្ញាធរក្រុង ចៅសង្កាត់ ពាក់ព័ន្ធតំបន់អប្សរា និង មន្ត្រីបច្ចេកទេសសុរិយោដីមកពី ៥រាជធានី ខេត្ត មន្ត្រីសាលាខេត្ត អាជ្ញាធរអប្សរាប្រមាណជា ១០០នាក់ចូលរួម ។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សា និងណែនាំដល់មន្ត្រីក្រុមការងារអនុវត្តចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និង កាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គររួចមក អង្គប្រជុំសម្រេចដូចខាងក្រោម ៖
-កម្លាំងជំនាញចុះទៅអនុវត្ត គឺធ្វើទៅតាមការកំណត់របស់គណៈកម្មការដែលបានធ្វើការណែនាំកន្លងមក ព្រមទាំងត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យចូលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន កាន់កាប់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យកាន់តែយល់ច្បាប់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ ។
-ការងារក៏ត្រូវកំណត់ការប្រមូលទិន្នន័យ និង បច្ចេកទេសនៃការវាស់វែង ឲ្យបានច្បាស់លាស់អំពីនិយាមកាក្បាលដី និង អត្តសញ្ញាណអ្នកកាន់កាប់ដី និង សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងកន្លែងដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។
-ចុះបញ្ជីក្បាលដីឲ្យបានច្បាស់លាស់ ដើម្បីធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត ។
-ត្រូវមានកិច្ចរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង សង្កាត់ និងមេភូមិ សំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់អចលន ទ្រព្យទាំងនោះ និងគោរពឲ្យបាននូវការចាត់តាំងតាមក្រុមនីមួយៗ ដោយពេលវេលាចុះអនុវត្តការងារនេះមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ដែលចុះអនុវត្តចាប់ពីថ្ងៃទី ១៨ ខែសីហានេះទៅ ។
-ក្រុមការងារ បច្ចេកទេសសុរិយោដី មកពីរាជធានីភ្នំពេញ , ខេត្តកំពង់ចាម , បាត់ដំបង , បន្ទាយមានជ័យ ,ខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយបានបែងចែកជា ៣២ក្រុម ដោយមានសមាសភាពចូលរួម ពីមន្ត្រីពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។