ក្រសួងកសិកម្ម ប្រកាសពីការចរចារលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារ សម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន
ភ្នំពេញ៖ ដំណាំមៀន គឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។
យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ដំណាំមៀន នៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន។
ក្នុងគោលបំណងដើម្បីជំរុញការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា មៀនដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការមៀនដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀនត្រូវមានប្រវែងមិនលើសពី១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាម អនាម័យដូចមានចែងក្នុងពិធីសារ។
អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន៧៤ក្រុមហ៊ុនឬ ម្ចាស់ចម្ការ ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏បាននិងកំពុងបន្តទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀនជាបន្តបន្ទាប់ថែមទៀតផងដែរ។
កន្លងមកនេះ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ត្រីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន ព្រមទាំងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់សមាសភាពចង្រៃ ហើយបានផ្ញើជូន GACC កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីស្នើសុំធ្វើការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
កាលពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីជំនាញនៃ GACC ប្រចាំខេត្ត Guangzho បានដំណើរការត្រួតពិនិត្យចម្ការមៀន និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់សមាសភាពចង្រៃលើផ្លែមៀនតាមរយៈប្រព័ន្ធវីឌីអូ។
ជាលទ្ធផល បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
សូមបញ្ជាក់ថា ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។
អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូមសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ បានជ្រាបនិងបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនឱ្យទទួលបានជោគជ័យ នាពេលខាងមុខដ៏ខ្លីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។