ប្រទះឃើញ​បំណែក​ចម្លាក់​ក្បាល​នាគ​ ក្នុង​រចនាបថ​បាយ័ន កប់​ក្នុង​ដី​ចំនួន​១

​ថ្មីៗ​នេះ មានការ​ប្រទះឃើញ​ដោយ​ចៃដន្យ​នូវ​ក្បាល​នាគ​ចំនួន​១​ធ្វើ​ពី​ថ្មភក់​ស្ថិតក្នុង​រចនាបថ​បាយ័ន នៅពេល​ដើម​ស្រឡៅ​ធំ​មួយ​ដើម​បាន​ដួលរលំ បណ្តាលឱ្យ​បំណែក​ក្បាល​នាគ​ដែល​កប់​ក្នុង​ដី​ជា​យូរ​ឆ្នាំ​ហើយ ត្រូវបាន​ផុស​ឡើង​តាម​ឬ​ស​ឈើ នៅក្នុង​បរិវេណ​វត្ត​ទេពប្រណម្យ អតីត​រាជធានី​អង្គរធំ​។​

​លោក ឈូក សុ​ម៉ា​ឡា ប្រធាន​ក្រុម​ចុះបញ្ជី​វត្ថុ​សិល្បៈ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា បំណែក​ក្បាល​នាគ​នេះ បាន​កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​កន្លះ​ម៉ែត្រ ហើយ​ជាក់ស្តែង ដើម​ស្រឡៅ​ដែល​ដុះ​ពីលើ​មិនមាន​ឬ​ស​កែវ​ធំៗ ទើប​ពេល​ភ្លៀង​ជោគជាំ ដី​ជ្រាយ ធ្វើឱ្យ​ដួលរលំ និង​ផុស​ក្បាល​នាគ​ដែល​ឬ​ស​ឈើ​ដុះ​ចាក់ស្រេះ​មកជា​មួយ​តែម្តង​។ លោក សុ​ម៉ា​ឡា បន្តថា បំណែក​ក្បាល​នាគ​នេះ មាន​ត្រឹមតែ​ក​នាគមក​ក្បាល​ខាងលើ​ដែលមាន បណ្តោយ​១.២​ម៉ែត្រ ទទឹង​១​ម៉ែត្រ និង​កម្រាស់​០.៣​ម៉ែត្រ បំណែក​សត្វ​គ្រុឌ​ជិះ​លើ​ក្បាល​នាគ ស្ថានភាព​មុខ​នាគ​ខាងមុខ​មានការ​ខូចខាត​ច្រើន​ដោយ​អន្លើរ ដោយ​បាក់បែក​មុខ​នាគ និង​ជុំវិញ​សងខាង​។ រីឯ​សត្វ​គ្រុឌ​វិញ ត្រូវបាន​បាក់​ច្រមុះ និង​ដៃ​ផ្នែក​នៅ​ខាងលើ រួមទាំង​ផ្នែក​ខ្លះ​នៃ​ក្បាល​។​

​លោក ឈូក សុ​ម៉ា​ឡា សន្និដ្ឋានថា បំណែក​ក្បាល​នាគ​នេះ​អាច​យក​ចេញពី​ប្រាសាទបាយ័ន តែ​មិនដឹងថា យកមក​ទីតាំង​នេះ​ក្នុង​គោលបំណង​អ្វី និង​ពេលណា​នោះទេ​។ បន្ថែមទៀតថា រូបចម្លាក់​បែបនេះ​ច្រើន​ឃើញ​នៅ​រចនាបថ​បាយ័ន ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទ្រង់​បាន​យក​នាគ និង​គ្រុឌ​ដែលជា​សត្រូវ​នឹង​គ្នា​មក​បញ្ចូល​ក្នុង​សិល្បៈ​តែមួយ​។ អាចជា​ព្រះអង្គ​ចង់បង្ហាញ​ពី​ទស្សនៈ​បង្រួបបង្រួម​សាសនា​រវាង​ព្រហ្ម​ណ៍​សាសនា និង​ព្រះពុទ្ធសាសនា ទើប​ព្រះអង្គ​ឱ្យ​ស្ថាបត្យករ​បញ្ចូល​នាគ និង​គ្រុឌ​នៅ​ជាមួយគ្នា ហើយ​ដាក់​បង្ហាញ​លើ​សំណង់​នានា​របស់​ទ្រង់​។

​ដើម្បី​រក្សា​សុវត្ថិភាព​នូវ​បំណែក​ក្បាល​នាគ​នេះ ទើប​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ ព្រមទាំង​ភ្នាក់ងារទេសចរណ៍ ធ្វើ​កំណត់ហេតុ ប្រគល់​ទទួល​បំណែក​ចម្លាក់​ខាងលើ យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដើម្បី​ចុះបញ្ជី​ទុកជា​ឯកសារ លាង​សម្អាត រក្សាទុក​ទៅតាម​បច្ចេកទេស និង​ស្វែងរក​ទិន្នន័យ​ផ្សេង​ទៀតផង​ទាក់ទង​នឹង​បំណែក​ក្បាល​នាគ​នេះ ងាយស្រួល​យកទៅដាក់​នៅ​ទីតាំង​ដើម​វិញ បើ​មានការ​ជួសជុល​នៅ​ទីតាំង​ដែល​បាន​បាត់បង់​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close