អាស៊ាន មានសហគ្រាសធុនតូច និងមធ្យម ប្រហែល ៩៧% នៃសហគ្រាសសរុបក្នុងតំបន់ និងប្រើប្រាស់ប្រមាណ ៦០% នៃកម្លាំងពលកម្មសរុប
សៀមរាប៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបើកសិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ រយៈពេលពីរថ្ងៃ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។
ចំពោះកម្ពុជា ការចែករំលែកនេះ គឺជាធាតុចូលបន្ថែមដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាពលរដ្ឋទាំងនោះទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នឹងមិនទុកនរណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃប្រព័ន្ធសន្តិសុខសង្គមឡើយ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា៖ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសនីមួយៗ។
យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលភាគច្រើនជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអត្រាភាគរយច្រើនបំផុតនៅក្នុងបណ្តាប្រទេសទូទាំងពិភពលោក។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។