ឯកឧត្ដម ថោង ខុន ណែនាំ​បន្ថែម ៧​ចំណុច ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានី​ភ្នំពេញ ក្នុង​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​៣ ឆ្នាំ​២០២២​នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ បានដាក់​ចេញ​នូវ​ការណែនាំ​បន្ថែមចំនួន ៧​ចំណុច ដើម្បីឱ្យ​មន្ត្រី​ជំនាញ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​

​អនុសាសន៍​ណែនាំ​បន្ថែម​ទាំង ៧​ចំណុច របស់លោក​រដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ រួមមាន​៖

​ទី​១៖ សូម​ឲ្យ​អង្គ​វេទិកា យក​ខ្លឹមសារ និង​លទ្ធផល​នៃ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ដើម្បី​លើកឡើង​ក្នុង​កិច្ចពិភាក្សា ក៏ដូចជា​តាមដាន​ការអនុវត្ត​នូវ​ផែនការ​ដែល​បានដាក់​ចេញ​។​

​ទី​២៖ សូម​ឲ្យ​អង្គ​វេទិកា​បន្ត​យកចិត្តទុកដាក់​ពិភាក្សា​អំពី​ការបញ្ចូល​សកម្មភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទៅក្នុង​សហគមន៍​ដែលមាន​សក្តានុពល ទោះបី​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ណាក៏ដោយ ពិសេស​រិះរក​នូវ​គំរូ​ជោគជ័យ​ដែលមាន​លក្ខណៈ​សត្យានុម័ត ក្នុងការ​អភិវឌ្ឍ​សហគមន៍ ទាំង​នៅ​ថ្នាក់ជាតិ ក៏ដូចជា​នៅ​ថ្នាក់មូលដ្ឋាន ស្រប​ពេលដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ក្រសួង​ជំនាញ​ទាំង​៣ ទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឯកភាព​ជាគោលការណ៍ និង​គោលនយោបាយ​ក្នុងការ​បញ្ចូល​សកម្មភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទៅគ្រប់​សហគមន៍​ដែលមាន​សក្តានុពល​។​

​ទី​៣៖ ខណៈដែល​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ មាន​លក្ខណៈ​ប្រទាក់ក្រឡា​អន្តរ​វិស័យ និង​អន្តរ​ស្ថាប័ន ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បង្ហាញជូន​អង្គ​វេទិកា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រាយ​នូវ​គោលនយោបាយ និង​ផែនការ​សកម្មភាព​អាទិភាព ក្នុងការ​ជំរុញ​ការដោះស្រាយ​ទៅលើ​បញ្ហាសំខាន់ៗ ដូចជា​ការស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ទៅ​តំបន់​សហគមន៍ ការផ្គត់ផ្គង់​អគ្គិសនី ការផ្គត់ផ្គង់​ទឹកស្អាត ការបន្ត​តំឡើង​ប្រព័ន្ធ​ទូរស័ព្ទ និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ការគ្រប់គ្រង​សំរាម ការដោះមីន និង​គ្រាប់​មិនទាន់​ផ្ទះ ការព្យាបាល​ជំងឺគ្រុនចាញ់ និង​បញ្ហា​ផ្សេងៗ​របស់​សហគមន៍ ពិសេស​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​ទី​៤៖ សូម​អំពាវនាវ​ឲ្យ​បណ្តា​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ​នានា ដែលមាន​វត្តមាន​ក្នុង​វេទិកា​នេះ ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នានា ដល់​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ លើ​ការអនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​អេកូ​ទេសចរណ៍ និង​សហគមន៍​។​

​ទី​៥៖ សូម​ឲ្យ​វិស័យ​ឯកជន ពង្រឹង​ការគាំទ្រ​ជួយ​ដល់​សហគមន៍ ពិសេស​ការជំរុញ​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅកាន់​តំបន់​សហគមន៍ និង​ត្រូវ​ប្រើប្រាស់​សេវា​របស់​សហគមន៍​ឲ្យ​បាន​ច្រើន ដែលជា​ការលើកទឹកចិត្ត​ដល់​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បន្ត​លើកកម្ពស់​គុណភាព និង​ជៀសវាង​ស្ថានភាព «​ពងមាន់ មេមាន់​»​។ ទន្ទឹមនឹងនេះ​គួរ​ជំរុញ​ឲ្យ​មានការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​នឹង​សហគមន៍ ដូចជា​ពិធីបុណ្យ​អេកូ​ទេសចរណ៍ និង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នៅតាម​តំបន់​អេកូ​ទេសចរណ៍​សំខាន់ៗ​នៅ​ទូទាំងប្រទេស​។​

​ទី​៦៖ សូម​ឲ្យ​បងប្អូន​ដែល​អញ្ជើញ​មកពី​សហគមន៍​ទាំងអស់​លើកឡើង​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់ខ្លួន ដើម្បី​ដាក់ជូន​អង្គ​វេទិកា​ពិភាក្សា និង​ឈានទៅរក​ដំណោះស្រាយ​ជាក់ស្តែង​ក្នុង​អង្គ​វេទិកា​ដោយផ្ទាល់ ឬ​ត្រូវ​រាយការណ៍​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​បន្ទាប់ពី​បញ្ចប់​វេទិកា​ជាតិ​នេះ​។​

​ទី​៧៖ សូម​ឲ្យ​អង្គ​វេទិកា​បន្ត​ផ្តោត​ការចាប់អារម្មណ៍ និង​ពិភាក្សា​អំពី​ការបញ្ចូល​ទស្សនទាន​នៃ​ភាព​ច្នៃប្រឌិត និង​ន​វា​នុ​វត្ត​ភាព (Creative & Innovative) ក្នុងការ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍ ស្របតាម​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ដើម្បី​ផ្តល់​បទពិសោធន៍​ថ្មី​ជូន​ភ្ញៀវទេសចរ ពិសេស​ការវិនិយោគ​ក្នុង​តំបន់​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍ ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ក៏បាន​បង្ហាញ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​កិច្ចពិភាក្សា​នៅក្នុង​វេទិកា​ជាតិ​នេះ​នឹង​អាច​ទាញយក​នូវ​ទស្សនទាន​ល្អៗ​បន្ថែមទៀត ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​បទដ្ឋាន​គតិយុត្ត​ចាំបាច់​នានា​បន្ថែមទៀត ជំរុញ​ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ប្រកបដោយ​ការទទួលខុសត្រូវ និង​បរិ​យា​ប័ន្ន ពិសេស​ក្នុង​បរិបទ​ដែល​យើងទាំងអស់គ្នា​ត្រូវ​បន្ត​បន្សាំ​ខ្លួន​រស់នៅក្នុង​គន្លង​ថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close