បច្ចេកទេស​ការថែទាំ និង​អភិរក្ស​សមុច្ច័យ​នៅក្នុង​សារមន្ទីរ​វាយនភ័ណ្ឌ​ប្រពៃណី​អាស៊ី​នៅ​ខេត្តសៀមរាប​

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​នៅក្នុង​ខេត្តសៀមរាប អាចជា​សារមន្ទីរ​ដំបូង​គេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ដាក់តាំង​បង្ហាញ​របស់​ប្រើប្រាស់​ផលិត​ចេញពី​សរសៃសូត្រ សរសៃ​កប្បាស សរសៃអំបោះ សរសៃ​គ សំបកឈើ រោមសត្វ តាមបែប​ប្រពៃណី​ផ្សេងៗ​គ្នា រួមទាំង​ជា​សម្លៀកបំពាក់​សហ​សម័យ មកពី​បណ្តា​ប្រទេស​ចំនួន​៦ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេ​គង្គារ​។ ផលិតផល​ធ្វើ​អំពី​សូត្រ អំបោះ​រុក្ខជាតិ និង​រោមសត្វ ដែល​គេ​យកមក​តាំង​បង្ហាញ​ទាំងនោះ មានដូចជា​សម្លៀកបំពាក់ មួក ស្រោមដៃ​-​ជើង កន្សែង ឆ្នួត និង​វត្ថុធាតុដើម​ជាច្រើន​ទៀត រួមទាំង​ឧបករណ៍​តម្បាញ​ផង​។​

​ក្រុម​អ្នកជំនាញ​របស់​សារមន្ទីរ បាន​យកចិត្តទុកដាក់​ប្រើប្រាស់​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ ដើម្បី​ថែទាំ និង​ការពារ​អភិរក្ស​សមុច្ច័យ​ទាំងនោះ មិនឱ្យ​ខូចខាត​ទៅតាម​អាយុកាល និង​ពេលវេលា​ឡើយ បើទោះបីជា​សមុច្ច័យ​ទាំងនោះ មាន​អាយុកាល​ច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ​។​

​នាយក​ស្តីទី​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​លោក សែន គឹម​ស៊ុន​ឱ្យដឹងថា ផលិតផល​ធ្វើ​ពី​សូត្រ អំបោះ​រុក្ខជាតិ និង​រោមសត្វ​ទាំងអស់ ដែលមាន​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​មិនមែន​តាំង​សម្រាប់តែ​១​ឆ្នាំ ឬ​២​ឆ្នាំ ហើយ​ពេល​វា​ខូច​ត្រូវ​បោះចោល​នោះទេ គឺ​ក្រុម​អ្នកជំនាញ​មាន​បច្ចេកទេស​ត្រឹមត្រូវ ក្នុងការ​ថែរក្សា​របស់​ទាំងនោះ​ឱ្យ​ស្ថិតនៅ​បានយូរ​អង្វែង​តទៅទៀត​តាម​ដែល​អាច​ធ្វើបាន​។

​លោក សែន គឹម​ស៊ុន មានប្រសាសន៍​ទៀតថា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​មាន​គោលការណ៍​ពីរ​ក្នុងការ​អភិរក្ស ផលិតផល​សូត្រ​ទាំងនោះ​ដើម្បី​រក្សា​ទុកឱ្យ​បានយូរ​អង្វែង គឺ​ត្រូវការ​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​នៅមុន​ពេល​ខូចខាត ដោយ​គិតពី​បច្ចេកទេស តាំងតែ​ពី​ការរៀបចំ​ដាក់តាំង​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សមុច្ច័យ ដូចជា​ការព្យួរ និង​ដាក់​ក្នុង​ទូ​ជៀសវាង​សមុច្ច័យ​ទាំងនោះ​កុំឱ្យ​ទៅ​ប៉ះ​ផ្ទាល់​ជាមួយ​ដែក ឬ​ឈើ​ដែល​អាច​នាំឱ្យ​មេ​ឬ​សត្វល្អិត​ស៊ី និង​ធ្វើឱ្យ​កកិត​ជាដើម​។
​រៀងរាល់​ព្រឹក​ត្រូវ​បើកប​ង្អូ​ច និង​ទ្វារ​ក្នុង​រយៈពេល​ខ្លី កុំ​ឱ្យមាន​ក្លិន​ផ្អួរ​នៅក្នុង​សាល​ពិ​ព័រ​ណ៌​នីមួយៗ សម្អាត​កម្រាល និង​ជើង​ទម្រ​ជាប្រចាំ ផ្លាស់ប្តូរ​ទីតាំង​ជើង​ទម្រ ដើម្បី​សម្អាត​ជៀសវាង​មាន​ធូលី​កុំ​ឱ្យមាន​សត្វល្អិត ឬ​ធូលី​តោង​ជាប់​វត្ថុ​ទាំងនោះ​អាច​នាំឱ្យមាន​បញ្ហា​ដល់​សមុច្ច័យ​បាន​។ ដាក់​ថ្នាំ​សម្លាប់សត្វ​ល្អិត​នៅតាម​ជ្រុង និង​ទ្វារ​នៃ​សាល​ពិព័រណ៍​និង​ដាក់​របាំង​ការពារ​សត្វ​កណ្តុរ​។
​ចំណុច​យកចិត្តទុកដាក់​មួយទៀត គឺ​នៅពេលដែល​សមុច្ច័យ​ខូចខាត គឺ​ត្រូវ​ជួសជុល​ភ្លាមៗ​ទៅតាម​បច្ចេកទេស ដែល​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ធ្លាប់​ទទួលបាន​ការបង្ហាត់​បង្រៀន​ពី​អ្នកជំនាញ​ឱ្យ​ចេះ​ពី​វិធី​ជួសជុល និង​សង្គ្រោះ​ផលិតផល​ទាំងនោះ​ឱ្យ​រួច​ផុតពី​ហានិភ័យ​។​

​លោក សែន គឹម​ស៊ុន បានឱ្យដឹង​ទៀតថា ទាក់ទង​និង​សាល​សម្រាប់​ដាក់តាំង​ពិ​ព័ណ៌​ទៀតសោត ក៏ត្រូវ​គ្រប់គ្រង​ពន្លឺ​អំពូល​ភ្លើង​ឱ្យបាន​សមស្រប ជៀសវាង​ការ​ហើរ​ពណ៌​របស់​ផលិតផល​។ ម្យ៉ាងវិញទៀត ការកំណត់​សីតុណ្ហភាព​រឹតតែ​សំខាន់ ដោយនៅ​គ្រប់​សាល​ពិព័រណ៍ គឺ​ទាមទារ​ឱ្យមាន​ឧបករណ៍​សម្រាប់​វាស់​សីតុណ្ហភាព​ជាប្រចាំ សម្រាប់​ពិនិត្យ​តាមដាន កំណត់​កម្តៅ​ត្រឹម​៣០​អង្សា និង​សំណើម​៦៥​ភាគរយ​។​

​មន្ត្រី​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ឱ្យដឹងទៀតថា ដើម្បី​សុវត្ថិភាព​ក្នុងការ​ថែរក្សា​ផលិតផល​ទាំងនោះ​ឱ្យបាន​យូរអង្វែង សារមន្ទីរ​ក៏មាន​ដាក់​បម្រាម​សម្រាប់​ភ្ញៀវ​ដែល​ចូលមក​ទស្សនា​ទាំងឡាយ ហាម​យក​ចំណីអាហារ និង​ភេសជ្ជៈ​ចូល ហាម​ប៉ះ ឬ​ស្ទាប​ជាដើម ដែល​អាច​នឹង​នាំមក​នូវ​ហានិភ័យ​ផ្សេងៗ​អាច ដល់​សមុច្ច័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close