សិស្សានុសិស្ស​១២៥០​នាក់ ហែ​ក្បួនព្យុហយាត្រា ក្នុង​ព្រឹត្តិការណ៍​“​រំលឹក​គុណ​អង្គរ​”

​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ​សិស្សានុសិស្ស​សរុប​១២៥០​នាក់ បានធ្វើ​ព្យុហយាត្រា​ដង្ហែ​ក្បួន​ជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​“​រំលឹក​គុណ​អង្គរ​”​ចាប់​ផ្តើមចេញ​ពីមុខ​ប្រាសាទ​អង្គរ ឆ្ពោះទៅ​ខ្លោងទ្វារ​ទន្លេ​អុំ​នៃ​ក្រុង​អង្គរធំ និង​ឆ្ពោះទៅ​ក្រុង​សៀមរាប​។ ព្យុហយាត្រា​នេះ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ ភ្ញៀវទេសចរ​ជាតិ អន្ដរជាតិ មានការ​រំលឹក​គុណ​ដល់​ប្រាសាទ​អង្គរ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មិនអាច​កាត់ថ្លៃ​បាន ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​



ឯកឧត្តម ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយក មានប្រសាសន៍​ក្នុង​កម្មវិធី​ដង្ហែ​ក្បួនព្យុហយាត្រា​ដល​ម្បី​អបអរសាទរ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​ដ៏​មាន​សារសំខាន់
​សម្តែង​ចំណាប់អារម្មណ៍​ចំពោះ​ពាក្យស្លោក​ដែលមាន​អត្ថន័យ​ថា កិច្ចការពារ​បេតិកភណ្ឌ​ជា​ភារកិច្ច​កូន​ខ្មែរ​គ្រប់ៗ​រូប និង​អត្ថន័យ​នៃ​ចម្រៀង​ពង្សាវតារ​ខ្មែរ​ដែលមាន​អត្ថន័យ​ឧត្តុង្គឧត្តម ដក់​ជាប់​នៅក្នុង​ក្រអៅបេះដូង​ប្រជាជន​ខ្មែរ​។ ជាពិសេស សិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី ជា​អ្នក​បន្តវេន​ដ៏​សំ​ខាន់ទៅ​អនាគត​ក្នុងការ​ថែរក្សា​នូវ​តម្លៃ​ដួងព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ជាតិ​របស់​យើង​។​

​ឯកឧត្តម ឡុង កុសល បន្តថា ការដែល​យើង​រំលឹក និង​ផ្តល់នូវ​គុណ​តម្លៃ​ដល់​បុព្វការី​ជន​របស់​យើង គឺជា​ការគោរព​ខ្លួន​យើង​ផង ក៏​ជាការ​ផ្តល់នូវ​ភាព​ថ្កុំថ្កើង​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​ដែរ​។ ក្នុងនាម​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ឡុង កុសល មាន​សេចក្តីសោមនស្ស និង​មាន​ភាពកក់ក្តៅ ដែល​សិស្សានុសិស្ស​ចំនួន​១២៥០​នាក់ បាន​ចូលរួម​ក្នុង​ក្បួនព្យុហយាត្រា​នៃ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​។ នេះ​ជា​រូបភាព​មួយ​យ៉ាងសំខាន់ ដែល​យើង​បាន​ប្រព្រឹត្តទៅ​ដើម្បី​បណ្តុះ​នូវ​ស្មារតី​ស្រឡាញ់​ស្នេហា​ជាតិ ក៏ដូចជា​ការបណ្តុះ​នូវ​គំនិត ធ្វើយ៉ាងណា​ដើម្បីឱ្យ​ប្រជាជាតិ​ខ្មែរ​របស់​យើង​មាន​ភាព​រឹង​មក​ទៅ​ថ្ងៃ​អនាគត​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ នឹង​រៀបចំឡើង​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២៣​ខាងមុខ នៅក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​តបស្នង​សងគុណ​ដល់​បុព្វបុរស ក៏ដូចជា អតីតព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​កសាង​ប្រាសាទ និង​ថែរក្សា​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​។ ជាពិសេស​សន្តិភាព ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​វប្បធម៌ ក៏ដូចជា​ការនាំមក​នូវ​វឌ្ឍនភាព​សម្រាប់​ជាតិ​។ ការដែល​យើង​រំលឹក​គុណ​អង្គរ​នេះ មិន​ត្រឹមតែ​រំលឹក​គុណ​បុព្វការី ដែល​បាន​ខិតខំ​បូជា​ឈាម​ស្រស់ សាច់​ស្រស់ កម្លាំងកាយ​ចិត្ត​ក្នុង​ការកសាង ថែរក្សា ជួសជុល​ប្រាសាទ ការពារ​ទឹកដី តាំងពីដើម​រៀងមក​រហូតមកដល់​បច្ចុប្បន្ននេះ​។ ប៉ុន្តែ ក៏​សម្តែង​នូវ​ការគោរព​អរគុណ​ចំពោះ​សន្តិភាព​ដែល​នាំមក​បាន​ដល់​ប្រជាជាតិ​ខ្មែរ​យើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​អគ្គ​មហា​បុរស​រដ្ឋ​ដែលជា​ស្ថាបនិក​នយោបាយ​ឈ្នះៗ នាំមក​នូវ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា និង​ជំរុញ​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​។ ដូច្នេះ យើងទាំងអស់គ្នា ប្តេជ្ញាចិត្ត​ថែរក្សា​សន្តិភាព រំលឹក​គុណ​ដល់​បុព្វការី​ជន និង​សន្តិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close