ការធ្លាក់ចុះនូវចំណាត់ថ្នាក់របស់សត្វអណ្តើកភ្នំ ធ្វើឲ្យអ្នកអភិរក្សសម្តែងការបារម្ភ
លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពអណ្តើកភ្នំ ដោយលោកបានលើកឡើងថា “ការដែលអណ្តើកភ្នំត្រូវបានចាត់ទុកជាប្រភេទសត្វដែលរងការគំរាមកំហែងខ្លាំង ប្រឈមនឹងការផុតពូជនោះ គឺបន្ទាប់ពីក្រុមជំនាញរបស់អង្គការ IUCN បានចុះសិក្សា និងវាយតម្លៃជាសកល នៃការថយចុះនូវចំនួនសត្វប្រភេទនេះជាង៨០ភាគរយ ក្នុងចន្លោះពេល៩០ឆ្នាំចុងក្រោយនេះ ហើយមូលហេតុចម្បងបំផុតគឺមកពីការបាត់បង់ព្រៃដែលជាទីលំនៅ និងការជួញដូរ”។
លោកបានបន្តថា ច្រើនជាង៥០ភាគរយ នៃពពួកសត្វអណ្តើកជាង៣៦០ប្រភេទនៅទូទាំងពិភពលោក និង១៤ប្រភេទនៅប្រទេសកម្ពុជា កំពុងតែរងការគំរាមកំហែងយ៉ាងខ្លាំង ហើយអាចប្រឈមនឹងការផុតពូជ នៅពេលខាងមុខ។
លោកបានបន្ថែមថា នៅក្នុងប្រទេសប្រទេសកម្ពុជា ការធ្លាក់ចុះនៃចំនួនអណ្តើកភ្នំ គឺដោយសារកត្តាជាច្រើន ក្នុងនោះកត្តាចម្បងបំផុតគឺការបាត់បង់ទីជម្រក ការបាត់បង់ជីវៈចម្រុះ និងការជួញដូរ ហើយទម្លាប់ និងជំនឿនៃការទិញអណ្តើកដើម្បីព្រលែង ដើម្បីរំដោះគ្រោះ ឬបានបុណ្យនោះក៏ជាកត្តាដែលបណ្តាលឱ្យមានការធ្លាក់ចុះផងដែរ ដោយអ្នកលក់ ឬក្រុមជួញដូរ នឹងបន្តចាប់ និងដាក់អន្ទាក់កាន់តែច្រើនឡើងៗ បើទោះជាអណ្តើកភ្នំ ត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
អណ្តើកភ្នំ ឬអណ្តើកព្រិច គឺជាប្រភេទអណ្តើកដែលមានមាឌតូច ហើយអណ្តើកពេញវ័យមានទម្ងន់មិន លើសពី៣.៥គីឡូក្រាម ដោយអណ្តើកញី មានមាឌធំជាងអណ្តើកឈ្មោល ហើយអណ្តើកពេញវ័យអាចបន្តពូជបាននៅពេលមានអាយុពី៦ ទៅ៨ឆ្នាំ។ អណ្តើកប្រភេទនេះ ត្រូវបានប្រទះឃើញនៅតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ទំនាបភាគខាងត្បូង និងភាគខាងជើង នៃដងទន្លេមេគង្គ ហើយស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទ សត្វដែលរងការគំរាមកំហែងខ្លាំង ប្រឈមនឹងការផុតពូជ ដោយអង្គការ IUCN៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។