សម្តេច​ ​ហ៊ុន​ ​សែន​ ​រំលឹក​ពី​ការចរចា​សម្ងាត់​ជាមួយ​កងទ័ព​ថៃ​កាលពី​ចុងឆ្នាំ១៩៨៩​

​កាលពី​ព្រឹកមិញ​នេះ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​សម្តេច​ ​ដោយ​បាន​រំលឹក​ ​និង​ទម្លាយ​នូវ​ការ​ចរ​ចារ​ជា​សម្ងាត់​មួយ​របស់​សម្តេច​ ​ជាមួយ​កងទ័ព​ថៃ​ ​រហូត​ឈាន​ទៅដល់​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ ​របស់​សម្តេច​។​

​សម្តេច​បាន​លើកឡើង​នៅ​លើ​បណ្តាញ​សង្គម​ ​ជាមួយ​រូបថត​មួយ​សន្លឹក​ថា​ ​រូបថត​មួយ​សន្លឹក​នេះ​ ​បើ​ពិនិត្យ​ឡើងវិញ​វា​ហាក់ដូចជា​ការផ្សងព្រេង​ដ៏​មាន​គ្រោះថ្នាក់​ ​តែ​សម្រាប់​ខ្ញុំ​និង​សហការី​គិតថា​ ​វា​ជាមោ​ទ​នៈ​ភាព​ដែល​យើង​បាន​យកជីវិត​ទៅ​ដូរ​យក​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​។​

​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹងរឿង​នេះ​ ​សូម្បីតែ​ខ្ញុំ​ក៏​ទើប​រក​ឃើញ​រូបថត​មួយ​សន្លឹក​ដែល​អតីត​អ្នកកាសែត​ជនជាតិ​បែលហ្សិក​បាន​ប្រគល់​អោយ​ខ្ញុំ​កាលពី​ថ្ងៃអាទិត្យ​នេះ​ដែរ​។​

​ថ្ងៃ១៩​ ​កញ្ញា​ ​ឆ្នាំ១៩៨៩​ ​ខ្ញុំ​និង​ប្រតិភូ​បាន​ធ្វើដំណើរ​ជា​សម្ងាត់​ទៅកាន់​ប្រទេស​ថៃ​ដោយ​ឆ្លងកាត់​ស្ពាន​តាមផ្លូវ​រថភ្លើង​នៅ​ប៉ោយប៉ែត​ ​ដែល​ពេលនោះ​សងខាង​ផ្លូវ​ ​ទាំង​ខាង​កម្ពុជា​ ​ទាំង​ខាង​ថៃ​សុទ្ធតែ​ជា​ចំ​កា​រម៉ីន​។​ ​ជាង​នេះ​ទៅទៀត​នៅ​សងខាង​ផ្លូវ​ប្រមាណ១គីឡូម៉ែត្រ​ ​គឺ​មាន​កងទ័ព​ត្រីភាគី​ចាំ​វាយប្រហារ​គ្រប់ពេល​មក​លើ​កងទ័ព​រដ្ឋកម្ពុជា​ដែល​នៅ​ឈរជើង​តាមផ្លូវ​ជាតិ​លេខ៥​។​

​ប៉ោយប៉ែត​ពេលនោះ​មានផ្ទះ​បែកបាក់​តែមួយ​ខ្នង​នៅ​ក្បាលស្ពាន​ខាង​កម្ពុជា​ ​ក្រៅពីនោះ​គឺ​សុទ្ធតែ​ព្រៃ​ត្រែង​។​ ​យើង​ឆ្លង​ព្រំដែន​នៅ​ម៉ោង​ប្រមាណ២រសៀល​ ​ដោយ​មិនទាន់​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅឡើយ​។​ ​អ្នក​រួម​ដំណើរ​ជាមួយ​ខ្ញុំ​ឆ្លងកាត់​ស្ពាន​នេះ​មាន​ ​សម្តេច​ ​ទៀ​ ​បាញ់​ ​ឯកឧត្តម​ ​ចម​ ​ប្រសិទ្ធ​ ​ឯកឧត្តម​ ​ចាន់​ ​អ៊ា​ន​ ​ឯកឧត្តម​ ​ខាំ​ពូន​ ​កែវ​មុនី​ ​និង​ឧត្តម​សេនីយ​ ​ឡុង​ ​សុភាព​ ​ដែល​ពេលនោះ​កាន់​មុខតំណែង​ជា​មេ​បញ្ជ​ការ​យោធភូមិ​ភា​គិ​ទី៤​ ​ដឹកនាំ​កម្លាំង​ការពារ​ដំណើរ​របស់ខ្ញុំ​ ​(​ឡុង​ ​សុភាព​ ​បាន​មរណៈ​ភាព​ទៅ​ហើយ​)​។​ ​ក្រៅពី​ខាង​កម្ពុជា​ ​មាន​ឧត្តម​សេនីយ​កងទ័ព​ថៃ​ម្នាក់​ឈ្មោះ​ ​ប៊ុ​ន​ឡត​ ​រួម​ដំណើរ​ដើម្បី​សម្រួល​ដំណើរ​យើង​ឆ្លងកាត់​ព្រំដែន​និង​ទំនាក់ទំនង​ជាមួយ​ខាង​ភាគី​ថៃ​។​

​តើ​ជា​បេ​សកម្ម​អ្វី​ទើប​សម្ងាត់​បែបនេះ​?​ ​ខ្ញុំ​បាន​ដាក់ចេញ​នូវ​នយោបាយ​មួយ​គឺ​ ​(​អា​ក្រិតូ​បនី​យក​ម្ម​កម្លាំងប្រដាប់អាវុធ​ ​និង​រដ្ឋបាល​ថៃ​)​សំដៅ​ទប់ស្កាត់​នឹង​កាត់បន្ថយ​ការ​ជួយ​របស់​ថៃ​ចំពោះ​ខ្មែរក្រហម​ ​និង​ត្រីភាគី​ដូចនេះ​ហើយ​ទើប​មានការ​ជួបគ្នា​ជា​សម្ងាត់​រវាង​ខ្ញុំ​ជាមួយ​ ​ឯកឧត្តម​ ​ឆាវ​វ៉ា​លិ​ត​ ​យង់​ឆៃ​យុទ្ធ​ ​ដែល​ជា​មេទ័ព​​ជើងគោក​ដ៏​មាន​ឥទ្ធិពល​របស់​ថៃ​នៅ​ថ្ងៃ២៧​ ​តុលា​ ​១៩៨៨​ ​នៅ​ទីក្រុង​វៀង​ច័ន្​ធ​ ​ប្រទេស​ឡាវ​។​ ​ឆ្លងកាត់​ជំនួប​នេះ​ទើប​មាន​ទស្យ​នៈ​កិច្ច​របស់ខ្ញុំ​ដោយ​បើក​ចំហរ​នាទី​ក្រុង​បាងកក​ ​ខែមករា​ ​១៩៨៩​។​

​ខ្ញុំ​ធ្វើដំណើរ​ទៅ​បាងកក​ជា​សម្ងាត់​នៅ​ថ្ងៃទី១៩​ ​កញ្ញា​ ​១៩៨៩​ ​ពេលនោះ​ទាក់ទង​រវាង​សង្រ្គាម​ ​និង​សន្តិភាព​នៅ​កម្ពុជា​ ​ដែល​អាច​ចាត់ទុកថា​ជាផ្នែក​មួយ​នៃ​ការស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា​។​ ​ខ្ញុំ​និង​ប្រតិភូ​ឆ្លងដែន​នៅ​ម៉ោង​ប្រហែល២រសៀល​ទៅ​បាយ​នៅ​អារញ្ញ​ប្រា​ថេ​ត​ជាមួយ​អគ្គបញ្ជាការ​រង​កងទ័ព​ថៃ​ ​រួចហើយ​បន្តដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ទីក្រុង​បាងកក​ចរ​ចារ​ជា​សម្ងាត់​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ ​ឆា​ត​ឆៃ​ ​ឈុន​ហា​វ៉ាន់​និង​ ​មេទ័ព​ជើងគោក​ថៃ​ ​ឆាវ​វ៉ា​លិ​ត​ ​យង់​ឆៃ​យុទ្ធ​ ​នា​ល្ងាច​ថ្ងៃទី១៩​ ​តុលា​ ​១៩៨៩​។​ ​ទំនាក់ទំនង​រវាង​ខ្ញុំ​ជាមួយ​មេដឹកនាំ​ថៃ​កាន់តែ​ប្រសើរ​ ​ដែល​នាំ​ដល់​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​ ​របស់ខ្ញុំ​នា​ពេលក្រោយ​មក​ទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close