រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើគណៈប្រតិភូអឺរ៉ុប-អាស៊ានជួយផ្សព្វផ្សាយសមាជិករបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានស្នើឱ្យគណៈប្រតិភូអឺរ៉ុប-អាស៊ាន ជួយផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សមាជិក របស់ខ្លួនមកបណ្តាក់ទុនលើគ្រប់វិស័យនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជា លើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋកម្ពុជាតាមរយៈការផ្ទេរចំណេះដឹង, ជំនាញ និងបច្ចេកវិទ្យាថ្មីៗ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងជំនួបជាមួយប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជនជាដៃគូ និងថាជាចលករមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ហើយក៏បាននិងកំពុងរៀបចំផែនការមេស្តីពីការដឹកជញ្ជូននៅកម្ពុជា ផែនការមេស្តីពី ឡូជីស្ទីក និងកំពុងពិនិត្យជាបន្ទាន់លើតម្រូវការផែនការមេស្តីពីវិស័យអគ្គិសនី ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រាដកនិយម ចំពោះកង្វះខាតអគ្គិសនីនៅកម្ពុជា។
លោកបញ្ជាក់ថា ចំពោះការអភិវឌ្ឍវិស័យ ធានារ៉ាប់រង និងទីផ្សារមូលប័ត្រ បើទោះជាវឌ្ឍនភាពនៅមានកម្រិត រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងគិតគូរ និងផ្តល់អាទិភាពក្នុងការបន្តគាំទ្រ និងអភិវឌ្ឍន៍វិស័យនេះបន្ថែមទៀត។
សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា គណៈប្រតិភូ ក៏មានចំណាប់អារម្មណ៍អំពីផែនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីបច្ចុប្បន្នភាព ក៏ដូចជា ផែនការនាពេលអនាគតនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចឌីជីថល, មានការសិក្សាពីផែនការមេសម្រាប់សេដ្ឋកិច្ចឌីជីថល ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍វិស័យថ្មីនេះ, រៀបចំជាបណ្តើរៗនូវក្របខ័ណ្ឌគតិយុត្តិ និងយន្តការចាំបាច់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងបច្ចុប្បន្ន, រួមមាន ការរៀបចំច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (Laws on E-commerce), ការង្កើតក្រុមការងារដើម្បីពិនិត្យលើពន្ធអាករអេឡិចត្រូនិច (E-tax), ការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” ដើម្បីលើកកម្ពស់ធុរកិច្ចថ្មី និងការគិត គូរពីការបង្កើត Payment Platform ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។