កម្ពុជា និងជប៉ុន ចុះអនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ
អនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំពង់ផែផែស្វយ័ត ក្រុងព្រះសីហនុ ត្រូវបានចុះហត្ថលេខា ដោយ លោក លូ គឺមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កាពី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យកណ្ដាលអង្គការ JICA នាទីក្រុងតូក្យូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ JICA នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។
អនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងអង្គការ JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកំពង់ផែ និងភស្តុភារកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។
កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា ហើយកំពង់ផែនេះ បានដើរតួជាមជ្ឈមណ្ឌលភស្តុភារកម្មសំខាន់ ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក JICA បានផ្ដល់ហិរញ្ញប្បទាន ហិរញ្ញប្បទានឥតសំណង កិច្ចសហ ប្រតិបត្តិការបច្ចេកទេស និងបន្តផ្ដល់ការគាំទ្រនានា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពកំពង់ផែ។
ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងស្រុក និងតំបន់យ៉ាងសំខាន់ ដែលក្នុងនោះចំនួនកុងតឺន័រឆ្លងកាត់សរុបបានកើនឡើងពីចំនួន២៩០.០០០TEUs ក្នុងឆ្នាំ២០១៣ ដល់៥៤០.០០០ TEUs ក្នុងឆ្នាំ២០១៨។ ទន្ទឹមនេះ វាក៏មានសារៈសំខាន់ណាស់ ក្នុងការធ្វើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការពង្រឹងបន្ថែមលើប្រតិបត្តិការ និងការគ្រប់គ្រងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសក៏មានសារៈសំខាន់ផងដែរ។
ក្នុងជំនួបទ្វេភាគីរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា និងឯកឧត្ដម Abe Shinzo នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ បានឱ្យដឹងថា ប្រទេសជប៉ុនបានប្ដេជ្ញាបន្តផ្ដល់ការគាំទ្រ ដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ក្នុងនោះ រួមមានទាំងការរៀបចំ ផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែផងដែរ។ ក្នុងន័យនេះ អង្គការJICA នឹងបន្តកិច្ចសហប្រតិបត្តិការ តាមរយៈការផ្ដល់កម្ចីហិរញ្ញប្បទានសម្រាប់កសាងគម្រោង «អភិវឌ្ឍន៍ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ» និងហិញ្ញប្បទានឥតសំណងសម្រាប់គម្រោង« ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ»។ មិនតែប៉ុណ្ណោះ JICA ក៏នឹងចូលរួមលើកម្ពស់ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយកំពង់ផែស្វយ័តក្រុង ព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។