នៅ​ចុងឆ្នាំ​នេះ​ ​មន្ត្រី​អធិការកិច្ច​ក្រសួងសុខាភិបាល​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ផាកពិន័យ​ ​ទៅលើ​រាល់​ករណី​ល្មើសច្បាប់​ ​ទាក់ទង​នឹង​ការប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​

​នៅ​ចុងឆ្នាំ​នេះ​ ​មន្ត្រី​អធិការកិច្ច​នៃ​ក្រសួងសុខាភិបាល​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ ​និង​ផាក​ ​ពិន័យ​ទៅលើ​រាល់​ករណី​ល្មើស​ទៅ​នឹង​ច្បាប់​ ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​របស់​កម្ពុជា​ ​ក៏ដូចជា​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ​និង​ប្រកាស​របស់ក្រ​សួង​សុខាភិបាល​ពាក់ព័ន្ធ​នឹង​ ​ការ​ផ្សព្វផ្សាយ​ ​ការ​តាំង​លក់​ផលិតផល​ថ្នាំជក់​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​ថ្នាំជក់​មិន​ត្រឹមត្រូវ​ ​ការ​មិន​មាន​បិទ​បម្រាម​ ​ក៏ដូចជា​ការ​ជក់បារី​របស់​បុគ្គល​បំពាន​មិន​គោរព​ទៅតាម​បម្រាម​ ​ហាមឃាត់​ ​ការ​ជក់បារី​ ​នៅ​តាម​ទី​កន្លែង​ផ្សេង​ៗ​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត​ ​មុំ​ ​គង់​ ​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​ ​សុខភាព​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​បារី​មិនគ្រាន់​តែ​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​ផ្ទាល់​ស្លាប់​នោះ​ទេ​ ​សូម្បី​អ្នក​ដែល​នៅ​ជិតខាង​ស្រូប​ផ្សែង​បារី​ពី​គេ​ ​ក៏​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ ​និង​ស្លាប់​ដូចគ្នា​។​

​លោកនាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ​ដើម្បី​សុខភាព​កម្ពុជា​បន្ថែម​ថា​ ​អ្នកប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​ប្រឈម​នឹង​ការ​កើតជំងឺ​មហារីក​ ​និង​ជំ​ងឺ​ផ្សេង​ៗ​ច្រើន​ទៀត​។​ ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន៣០នាក់​ ​បាន​ស្លាប់​ក្នុង​មួយថ្ងៃ​ដោយសារ​ការប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​។​ ​មូលហេតុ​នេះ​ហើយដែល​ទាមទារ​ឲ្យ​អ្នកលក់​បារី​លើ​ ​ទីផ្សារ​ត្រូវតែ​គោរព​ទៅតាមច្បាប់​កំណត់​ ​បារី​ដាក់​លក់​ត្រូវតែ​មាន​បិទ​តែម​ពន្ធ​ ​និង​មាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ ​និង​អក្សរ​ឱ្យ​បាន​ត្រឹមត្រូវ​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ ​ក្នុង​បំណង​បង្កើន​ចំណូល​ពន្ធ​រដ្ឋ​មក​អភិវឌ្ឍន៍​វិ​ស័យ​ផ្សេង​ៗ​ផង​ ​និង​កាត់បន្ថយ​អត្រា​ស្លាប់​ ​ដោយសារ​ប្រើប្រាស់​ថ្នាំជក់​ផង​ដែរ​។​

​លោក​ ​ញ៉ិល​ ​ដា​រា​វុធ​ ​នាយក​ប្រតិបត្តិ​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ត្រូវ​បាន​ដាក់​ឱ្យ​ ​អនុវត្តន៍​តាំងពី​ឆ្នាំ២០១៥​ ​រហូត​បច្ចុប្បន្ន​មកដល់​បច្ចុប្បន្ន​នេះ​។​ ​លោក​ថា​ ​យើង​ចាំ​មើល​ថា​ ​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​ទាំងនោះ​បាន​អនុវត្តន៍​យ៉ាងដូច​ម្តេច​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​។​

​លោក​ថា​ ​បើ​ ​តាម​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​បាន​បង្ហាញថា​ ​អ្នក​ស្លាប់​កាលពី​ឆ្នាំមុខ​ ​ដោយសារ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់៧លាន​នាក់​ ​ប៉ុន្តែ​នៅ​ឆ្នាំនេះ​កើន​ដល់​ ​៨លាន​នាក់​នៅ​ ​លើ​ពិភពលោក​។​ ​ចំណែក​អ្នក​ដែល​ស្លាប់​ដោយសារ​ស្រូប​ផ្សែង​បារី​ពី​គេ​កើន​ដល់​ ​១លាន​ ​២សែន​នាក់​ ​មានន័យថា​តួលេខ​កើន​ខ្ពស់​ជាង​ឆ្នាំមុន​។​

​ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​ ​កាលពី​ឆ្នាំមុន​មាន​អ្នក​ស្លាប់​ដោយសារ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ជាង​ ​១ម៉ឺន​នាក់​ ​តែ​នៅ​ឆ្នាំ​ ​នេះ​អ្នក​ស្លាប់​កើន​ដល់១៥០០០នាក់​ក្នុង​មួយឆ្នាំ​ ​ដែល​បញ្ហា​នេះ​យើង​ត្រូវតែ​រួមគ្នា​ជាមួយ​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ធ្វើ​ឱ្យ​ការអនុវត្ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​មាន​ប្រសិទ្ធ​ ​ភាព​ ​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ការ​ជក់បារី​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close