ភ្នំក្រវាញខាងត្បូង ជាជម្រកធម្មជាតិដ៏ធំ រួមទាំងជីវៈចម្រុះសំបូរបែប និងក្រឡ មឈូសបុរាណអាយុកាលរាប់រយឆ្នាំ
ភ្នំក្រវាញខាងត្បូង ជាជម្រកធម្មជាតិដ៏ធំមួយ ដែលមានសោភណ្ឌភាពល្អឯក ជីវៈចម្រុះសំបូរបែប និងក្រឡ មឈូសបុរាណ អាយុកាលរាប់រយឆ្នាំ៖ ជាតំបន់ដែលមានសម្រស់ធម្មជាតិពិសេស រួមមាន៖ ១) ទេសភាព សមុទ្រឈើ(ព្រៃស្រោង) និងខ្យល់អាកាសបរិសុទ្ធ ២) មាត់រណ្តៅភ្នំភ្លើងដែលសណ្ឋានដីមានលក្ខណៈស្តើងដូចដីស្រូប នៅបឹងម្លុច និង៣) ទឹកធ្លាក់ច្រើនកន្លែង (ឆាយតាហ៊ីង ឆាយខ្ពស់ ឆាយជ្រៃ ជាដើម)។ ភ្ញៀវជាតិនិងអន្តរជាតិ និយមមកកំសាន្តនៅ«ជីផាត» និង«ស្ទឹងអារ៉ែង»។
ជាជម្រកធម្មជាតិនៃសត្វព្រៃចំនួន៥២ប្រភេទ (អង្គការអាយយូស៊ីអិន ចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែងពីការបាត់បង់នៅលើពិភពលោក) ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។ ស្ទឹងអារ៉ែងជាជម្រកដ៏ពិសេសសម្រាប់សត្វក្រពើភ្នំ និងត្រីនាគ។ ជាទីតាំងបុរាណស្ថាន(អាចមានរាប់រយកន្លែង) ដែលមានក្រឡ ពាង និងមឈូសដាក់ធាតុមនុស្សមានអាយុកាល ពី៤០០ ទៅ ៥០០ឆ្នាំ។
ស្ទឹងអារែង (មានសត្វក្រពើភ្នំ ត្រីនាគ និងទឹកធ្លាក់ឆាយតាហ៊ីង) និងតំបន់ជីផាត(មានក្រឡ ពាង និងម្ឈូសបុរាណ)ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ លេខ៨៩ អនក្រ.បកសម្រេចឱ្យក្រសួងបរិស្ថានបង្កើត«ឧទ្យានជាតិជួរភ្នំ ក្រវាញខាងត្បូង» គ្របដណ្តប់ផ្ទៃដីបួនសែនមួយម៉ឺន បីរយកៅសិបពីរ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ សម្រាប់បម្រើប្រយោជន៍មនុស្សគ្រប់ជំនាន់។
ជនជាតិដើមភាគតិច«ជង»រស់នៅក្នុងតំបន់ភ្នំក្រវាញមានវប្បធម៌ពិសេស ក្នុងការរក្សាធាតុ និងប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជាពិធីសែនអារក្សក្រពើ ដើម្បីចាប់ត្រីនិងសុំសេចក្តីសុខ ពិធីសែនស្រូវ និងពិធីប្រពៃណីច្រើនទៀត។ អង្គការសម្ព័ន្ធភាពសត្វព្រៃសហការយ៉ាងស្អិតរមួតជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់នេះ៕
ប្រភព៖ បេតិកភណ្ឌប្រចាំថ្ងៃ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។