ប្រាសាទសំបូរព្រៃគុក ទេសភាពទាក់ចិត្តអ្នកទេសចរ
ខេត្តកំពង់ធំ៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។
ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិវែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសង់លើដីរាបស្មើមានទំហំ ៣,០០០ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ស្ថិតនៅតាមបណ្តោយស្ទឹងសែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនេះមានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។
ឆ្លងពីប្រាង្គប្រាសាទមួយទៅប្រាសាទមួយទៀត ប្រតិភូថ្មើរជើងយើងបានពើបប្រទះនូវទិដ្ឋភាពប្លែកភ្នែកជាច្រើននៅក្នុងរមណីយដ្ឋាននេះ ឬអាចនិយាយបានថា កំពុងស្ថិតក្នុងជំរុំព្រឹក្សាដែលលាក់កំបាំងរាជធានីអាទិទេពដ៏ស្កឹមស្កៃមួយ ហាក់គ្មានអ្នកណាបានឃើញពីមុនមក។ សួរថាតើអារម្មណ៍បែបនេះរំភើបប៉ុនណា?
សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ សាធារណរដ្ឋប៉ូឡូញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។