កូនឈើ៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំស្តារព្រៃឡើងវិញ ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប
ខេត្តសៀមរាប៖ កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប។ ការដាំស្តារព្រៃលិចទឹកឡើងវិញនេះគឺជាសកម្មភាពមួយនៃគម្រោងរេដបូកសាកល្បង កំពុងអនុវត្តដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងដែលគាំទ្រថវិកាដោយគម្រោងភាពជាដៃគូកាបូនព្រៃឈើ (FCPF)។ សកម្មភាពដាំស្តារព្រៃលិចទឹកនេះ នៅចុងសសប្តាហ៍នេះ នៅក្នុងភូមិសាស្ត្រឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមដោយព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេសាទសរសរស្តម្ភ។
លោក ព្រឹន សាវិន ប្រធានរដ្ឋបាលជលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះជានិម្មិតរូបមួយបញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍សសរស្តម្ភ សហគមន៍មុខបែន បានដាំកូនឈើនេះ ក្រោមការឧបត្ថម្ភរបស់គម្រោងភាពជាដៃគូកាបូនព្រៃឈើ (FCPF)នៃក្រសួងបរិស្ថាន។ នាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានផ្តូចផ្តើមដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកនេះនៅលើផ្ទៃដី៤០ ហិចតា ស្មើរនិង៤ម៉ឺនដើម មានប្រភេទពូជកូនឈើ ដើមរាំង កូនទោល កូនចឹកកែង កូនទាស់ កូនកន្សែង កូនត្អូរ ជាដើម។
លោកបានបញ្ជាក់បន្តថា ការដាំស្តារឡើងវិញនេះ គឺនៅលើផ្ទៃដីដែលទទួលរងគ្រោះដោយសារភ្លើងឆេះនារដូវប្រាំង៣ឆ្នាំកន្លងមកដែលទទួលរងនូវភាពរាំងស្ងួត នារដូវប្រាំងកន្លងមក និងយើងបានចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សា អភិរក្ស នូវព្រៃលិចទឹក ស្តារធនធានធម្មជាតិរបស់យើងឡើងវិញ ដើម្បីជាជម្រកពងកូនសម្រាប់មច្ចាជាតិនៅរដូវទឹកឡើង។
លោក ថាន់ ហឹក អភិបាលរងស្រុកពួក ខេត្តសៀមរាប បានអោងដឹងថា រដ្ឋបាលស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើន ដែលបានចូលរួមនៅក្នុងការដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកស្ថិតនៅក្នុងមូលដ្ឋាននៃភាគខាងជើងបឹងទន្លេសាបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនិងគម្រោងនេះ ដែលនិងជួយអោយមានការការពារ និងអភិរក្សព្រៃនៅក្នុងតំបន់ព្រៃលិចទឹកនេះ និងរក្សាបានជាកេរ្តិ៍តំណែលដល់កូនចៅជំនាន់ក្រោយៗទៀត។
បើតាមការបញ្ជាក់ពី ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកគម្រោងរេដបូក នៃក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថា គម្រោងនៃការដាំស្តារព្រៃលិចទឹកឡើងវិញនេះ ស្ថិតនៅក្រោមការគាំទ្ររបស់គម្រោងរេដបូកកម្ពុជា។ គម្រោងនេះគឺជាគម្រោងមួយដែលបានកំពុងតែអនុវត្តន៍ និងការកាត់បន្ថយនូវការបាត់បង់និងរិចរឹលព្រៃឈើ ហើយជាការចាំបាច់គម្រោងពិនិត្យទៅលើតំបន់ណាដែលមានសភាពរិចរឹល ឬក៏បាត់បង់។ ឯកឧត្តម លើកឡើងបន្តថា នៅក្នុងតំបន់នេះគឺជាតំបន់ ព្រៃលិចទឹក ហើយប្រជាសហគមន៍មូលដ្ឋាន ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក គាត់បានយល់ដឹងច្រើនអំពីប្រយោជន៍រួមនៅការថែរក្សាការពារព្រៃលិចទឹកនេះ ដែលធ្វើអោយគាត់មានបំណងនិងស្តែងចេញនូវផែនការសកម្មភាពក្នុងការស្តារព្រៃលិចទឹកឡើងវិញនូវសកម្មភាពនៃការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះសំរាប់ជាប្រយោជន៍រួមទៅអនាគត់។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បន្តថា ព្រៃលិចទឹកគឺជាកន្លែងមួយដែលជាតំបន់អភិរក្សរបស់ តំបន់ទំនាបបឹងទន្លេសាប ហើយកន្លែងអភិរក្សនេះ គឺគេអភិរក្សជីវៈចម្រុះទាំងនៅក្នុងទឹក និងទាំងនៅលើគោកហើយអ្នកដែលទទួលបានផលប្រយោជន៍នេះ គឺសហគមន៍ប្រជាជនមូលដ្ឋានតែម្តង។ ឯកឧត្តមបានលើកឡើងបន្តថា មច្ឆាជាតិទាំងអស់ដែលរស់នៅបានគឺពឹងផ្អែកទៅលើព្រៃលិចទឹកនេះ ដែលបានបន្សល់សត្វច្រើន ហើយអ្វីដែលបានមានសល់រហូតមកដល់សព្វថ្ងៃនេះ គឺបានដោយសារព្រៃលិចទឹកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។