រនាល​ពណ៌ ជា​ប្រភេទ​ជិត​ទទួលរង​ការគំរាមកំហែង​លើ​ពិភពលោក កម្ពុជា បច្ចុប្បន្ន​ចំនួន​ជាង ២៥០០​គូ

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម នេ​ត ភក្ត្រា បាន​ឲ្យ​ដឹងថា កម្ពុជា បច្ចុប្បន្ន​មាន​បក្សី រនាល​ពណ៌ ចំនួន​សរុប​ប្រមាណ​ជាង ២៥០០​គូ ស្មើ ២០% នៃ​ចំនួន​រនាល​ពណ៌​សរុប​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ស្មើ ១២% នៃ​ចំនួន​សរុប​លើ​ពិភពលោក​។ តំបន់​បឹង​ទន្លេសាប​ជាទី​តាំង​សំបុក​ពង​កូន​ដ៏​ធំ​របស់​សត្វ​រនាល​ពណ៌ ហើយ​បងប្អូន​អាច​ទស្សនា​សត្វ​រនាល​ពណ៌ និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ទៀត​បាន​នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ដែលជា​តំបន់​បន្ទាយ​ពង​កូន​របស់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា​។ បក្សី​រនាល​ពណ៌​ត្រូវបាន​ការពារ​យ៉ាង​តឹងរ៉ឹង ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន ជាពិសេស​កន្លែង​បន្ត​ពូជ​ពង​កូន នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដែលជា​តំបន់ការពារធម្មជាតិ ហើយ​ក៏បាន​អនុវត្ត​កម្មវិធី​ពិនិត្យ អង្កេត​តាមដាន​ពី​បម្រែបម្រួល​ចំនួន​របស់​ប្រភេទ​នេះ​ផងដែរ​។

​រនាល​ពណ៌ មានឈ្មោះ​ជា​ភាសា​អង់គ្លេស Painted Stork និង​ឈ្មោះ​វិទ្យាសាស្ត្រ Mycteria leucocephala ។ រនាល​ពណ៌ ជា​ប្រភេទ​ជិត​ទទួលរង​ការគំរាមកំហែង​លើ​ពិភពលោក ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ហើយ​ប្រភេទ​នេះ​មាន​វត្ត​មាននៅ​ប្រទេស​នេ​ប៉ាល់ ឥណ្ឌា បង​ក្លា​ដេ​ស ស្រីលង្កា ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ វៀតណាម និង​កម្ពុជា​យើង ។ វា​មាន​ប្រវែង​ខ្លួន ៩៣-១០២​ស​.​ម ខ្លួន​ពណ៌​ស ស្លាប​ទី​១ និង​ទី​២ ពណ៌​ខ្មៅ ចុង​ខ្នង​ពណ៌​ផ្កាឈូក វ័ណ្ឌ​ខ្មៅ​លើ​ដើមទ្រូង ចំពុះ​ធំ​វែង​លឿង​កោង​ខុប​ចុះ​បន្តិច ។​

​ពេល​បន្ត​ពូជ​៖ ស្បែកក្បាល​ឡើង​ក្រហម ចំពុះ​ពណ៌​លឿង ។​ ​ទីជម្រក​៖ ភាគច្រើន​នៅតាម​តំបន់ដីសើម ដូចជា តំបន់​ព្រៃ​លិច​ទឹក ទំនាប​លិច​ទឹក តំបន់​វាលភក់ និង​តំបន់ឆ្នេរ​ជាដើម ហើយ​មានប​នា្ទ​យ​ពង​កូន​តែមួយគត់​នៅ​កម្ពុជា គឺ​នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដែលជា​តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ហើយក៏​ជា​បន្ទាយ​ពង​កូន​ធំជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ។​ ​ជីវសាស្ត្រ​៖ វា​ចូលចិត្ត​បន្ត​ពូជ រស់នៅ និង​រក​ចំណី​ជា​ហ្វូងៗ​រួមគ្នា ។​ ​របាយ​៖ មាន​វត្តមាន​ពេញ​មួយឆ្នាំ ។​
​រដូវ​បន្ត​ពូជ​៖ ចាប់ពី​ខែ​វិ​ច្ជិ​កា ដល់​ខែឧសភា ពង​ចំនួន​ពី ២-៥​។ បន្ទាប់ពី​បន្ត​ពូជ​ពង​កូន​នៅ​តំបន់​បឹង​ទន្លេសាប ប្រភេទ​នេះ​ផ្លាស់​ទី​ទៅកាន់​តំបន់ដីសើម​ផ្សេងៗ​ទៀត​ក្នុងប្រទេស និង​ប្រទេសជិតខាង ដើម្បី​រក​ចំណី ។​ ​កត្តា​គំរាមកំហែង​សំខាន់ៗ​៖ ការ​ប្រមាញ់ និង​ប្រមូល​ពង​កូន​ពី​កន្លែង​បន្ត​ពូជ ការបាត់បង់​ទីជម្រក និង​ការរំខាន​ដោយ​សកម្មភាព​មនុស្ស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close