ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន ជា​ឈ្មោះ​រូងភ្នំ​ថ្មកំបោរ​មួយ នៅ​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន ជា​ឈ្មោះ​រូងភ្នំ​ថ្មកំបោរ​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុង​ភ្នំ​ទាក់​ទ្រាំង ភូមិ​គីឡូម៉ែត្រ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្ត បាត់ដំបង តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន ។

​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ ល្អាង​ស្ពាន​នេះ ត្រូវបាន រកឃើញ និង​ត្រូវបានធ្វើ​កំណាយ​លើកដំបូង ដោយ​លោកស្រី សេ​ស៊ី ម៉ូ​រ៉េ និង លោក រ៉ូ​ឡង់ ម៉ូ​រ៉េ នៅ​ទសវត្ស ១៩៦០​។ បន្ទាប់មក​ការស្រាវជ្រាវ​បាន​អាក់ខាន​ជាង ៤០ ឆ្នាំ ។ លុះដល់​ឆ្នាំ​២០០៩ ទើប​មានការ​ស្រាវជ្រាវ​បន្ត ដែល ធ្វើឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ណ៍ រវាង​ក្រសួង​វប្ប​ធ​ម៏ និង​វិចិត្រសិល្បៈ ជាមួយ​សារមន្ទីរ​ជាតិ​ប្រវត្តិ សាស្ត្រ​ធម្មជាតិ​នៃ​ប្រទេស​បារាំង ដែលមាន​លោក ហេង សុ​ផា​ឌី និង លោក អ៊ូ​ប៊ែ​រ ហ្វ័​រ​រេ​ទី​យ៉េ ជា​អ្នកដឹកនាំ​។ ​ការធ្វើ​កំណាយ​ជា​ហូរហែរ​កន្លងមក បាន​រកឃើញ​វត្ថុ​បុរាណ​ជាច្រើន​ដូចជា​៖ ឧបករណ៍​ថ្ម​បំបែក​, ថ្ម​រំលីង​, ភាជន៍​, គ្រឿង​លម្អ​កាយ ( អង្កាំ និង​កងដៃ​ធ្វើ​ពី ថ្ម និង​បន្តោង​ខ្សែក ធ្វើ​ពី​ចង្កូម​សត្វ ) បំណែក​ឆ្អឹង​សត្វ ព្រមទាំង​ផ្នូរ​សព​។

​លទ្ធផល​វិភាគ​លើ​វត្ថុ​បាន​ពី​កំណាយ បង្ហាញថា ស្ថានីយ​ល្អាង​ស្ពាន មាន​មនុ​ស្សមក​តាំងទី បី​ដំណាក់កាល​ផ្សេងគ្នា​៖ សម័យ​ថ្ម​បំបែក​មាន​អាយុកាល​ប្រហែល ៧១០០០ ឆ្នាំ​, វប្ប​ធ​ម៏​ហាវ​ប៊ី​ន​ញៀន​មាន​អាយុ​ចន្លោះ​ពី ១១០០០ ដល់ ៥០០០ ឆ្នាំ និង​ចុងក្រោយ គឺ​សម័យ​ថ្ម​រំលីង មាន​អាយុ​ប្រហែល ៣០០០ ឆ្នាំ ដោយ​គេ​បាន​យក​ល្អាង​ស្ពាន ជា​កន្លែង​បញ្ចុះសព​។ កាលប្រវត្តិ​ទទួលបាន​នាពេលនេះ គឺធ្វើឡើង​តាម​វិធីសាស្ត្រ​បី​ផ្សេងៗ​គ្នា ដូចជា​៖ (14C, OSL, U-Th) ទៅលើ​ស្រទាប់ដី​ផ្សេងៗ​គ្នា ចាប់ពី​ផ្ទៃ​ខាងលើ រហូតដល់​ជម្រៅ​៥ ម៉ែត្រ​។ ​រហូតមកទល់​ពេលនេះ ល្អាង​ស្ពាន​ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទះឃើញ​ឧបករណ៍​ថ្ម នៃ​វ​ប្បធ​ម៏​ហាវ​ប៊ី​ន​ញៀន​ច្រើន​ប្រភេទ ហើយ​ស្ថិតក្នុង​ស្រទាប់ដី​ជាក់លាក់​។

​ផ្អែកលើ​កាលប្រវត្តិ បរិមាណ និង​លក្ខណៈ​នៃ​ឧបករណ៍​ថ្ម​ទាំងនោះ ជួយ​ឲ្យ​យើង​យល់បាន​កាន់តែ​ប្រសើរ​ពី​បច្ចេកទេស​នៃ​ការផលិត​ឧបករណ៍ ថ្ម វប្ប​ធ​ម៏ បរិស្ថាន និង​បរិបទ​ទូទៅ​នៃ​វ​ប្បធ​ម៏​ហាវ​ប៊ី​ន​ញៀន ព្រមទាំង​ទំនាក់ទំនង​ជាមួយ​សង្គម​អ្នក​បរបាញ់ និង ប្រមូល​អនុផល​ព្រៃឈើ​ដទៃទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close