ភាជន៍​បុរាណក្នុង​ស.វទី១១ ត្រូវពលរដ្ឋ​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តមសីហនុ​-​អង្គរ​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី បាន​យក​ភាជន៍​បុរាណ ដែល​ប្រទះឃើញ​ក្នុង​ច្បារ​ដំលូង​ខ្លួន​ក្បែរ​ភូមិ​មក​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​ថែរក្សា​ទុក​។ ភាជន៍​នេះ មាន​ស្រទាប់​រលោង​ពណ៌​ត្នោត ត្រូវ​បានដឹងថា​ផលិតឡើង​ក្នុង​ស​.​វ​ទី​១១​ដល់ទី​១៣​នៃ​គ​.​ស​។ សភាព​ភាជន៍​នេះ​ពេល​ជីក​បាន គឺ​បែក​មាត់​លើ​ស្រាប់ និង​បែក​ខ្លួន​បន្តិច​ដោយសារ​ការជីក​ដី​ប៉ះ​ដោយ​អ​ចេតនា​។​

​យុវជន ប៉ឹម ជាតិ ដែលមាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង បាន​ឲ្យ​ដឹងថា ក្រឡ​ភាជន៍​បុរាណ​នេះ​ខ្លួន​បាន​ប្រទះឃើញ​កាលពីដើម​ខែមករា នៅ​ដីចម្ការ​ដំលូង ពេល​ទៅ​កាប់​ដី​បាន​ជម្រៅ​ដី​ប្រហែល​មួយ​តឹក ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​មួយ​គីឡូម៉ែត្រ​។​

​យុវជន​ខាងលើ​បន្ថែមថា ភ្លាមៗ​ក្រោយ​ប្រទះឃើញ​នៅ​ថ្ងៃទី​៣ ខែមករា ខ្លួន​បាន​យក​ភាជន៍​ទៅ​រក្សាទុក​នៅផ្ទះ តែ​ក្រោយមក​ដោយសារ​មានគំនិត​ថែរក្សា​និង​ការបារម្ភ​ពី​សុវត្ថិភាព​ផង ខ្លួន​ក៏​សម្រេចយក​ភាជន៍​ដែល​ឃើញ​នេះ​មក​ប្រគល់ឱ្យ​សារមន្ទីរ តាម​ការណែនាំ​ពី​មគ្គុទ្ទេសក៍​ភាសា​បារាំង​ម្នាក់ ព្រោះ​គិតថា​ក្នុង​សារមន្ទីរ​មាន​សុវត្ថិភាព​ខ្ពស់​។ ជាងនេះទៅទៀត​នោះ ក្នុង​សារមន្ទីរ​ជាទី​ដែល​សាធារណជន​គ្រប់​ជាតិ​សាសន៍​ចូលមក​ទស្សនា ហើយ​វា​ស្របតាម​គំនិត​របស់​យុវជន ជាតិ ដែល​ចង់បង្ហាញ​វត្ថុ​បុរាណ​ដែល​រកឃើញ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​។​

​អគ្គនាយិកា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ កញ្ញា ឆោម គ​ន្ធា បានឱ្យដឹងថា នេះ​ជា​លើក​ទី​៥​ហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ បាន​យក​វត្ថុ​បុរាណ​ដែល​ប្រទះឃើញ យកមក​ប្រគល់ជូន​សារមន្ទីរ​ដើម្បី​ធ្វើការ​អភិរក្ស ក៏ដូចជា​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​។ កញ្ញា​ក៏បាន​កោតសរសើរ​ដល់​ស្មារតី​ប្រជាពលរដ្ឋ ដែល​បាន​យល់​ពី​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ បំណង​ថែរក្សា​វត្ថុ​ទាំងនោះ ជា​ប្រយោជន៍​សម្រាប់​កូនចៅ​តទៅ​ជំនាន់​ក្រោយៗ ឱ្យបាន​សិក្សា​និង​ស្វែងយល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close