ឆ្នាំ​២០១៩! កម្ពុជា សម្រេចការ​ចិញ្ចឹម​ត្រី កើនឡើង​ជាង ៣០​ម៉ឺន​តោន​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាប់​ថា គោលនយោបាយ​ដ៏​ចម្បង​របស់​រដ្ឋាភិបាល ក្នុង​ការធានា​សន្តិសុខ​ស្បៀង ជូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ក្នុង​ការដាក់​សំពាធ​លើ​ធនធាន​ជលផល​ក្នុង​ដែនទឹក​ធម្មជាតិ ការអភិវឌ្ឍ​វារីវប្បកម្ម គ្រប់​រូបភាព និង​គ្រប់​ទីកន្លែង ត្រូវដាក់​ឲ្យ​អនុវត្តតាម​នៅតាម​បណ្តា​ខេត្ត​នានា​។

​ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែង​ការអភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​ប្រភេទ នៅ​ឆ្នាំ​នា ២០០៩ អនុវត្តបាន​ត្រឹមតែ ៥០ ០០០​តោន និង​ការ​ភ្ញាស់​កូន​ត្រី​ពូជ​អនុវត្តបាន​ជាង ៦៩ លាន​ក្បាល តែប៉ុណ្ណោះ​។ ប៉ុន្តែ​មកដល់​ឆ្នាំ​២០១៩ ការធ្វើ​វារីវប្បកម្ម បាន​កើ​ឡើង​រហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះ​ផល​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្តោ មាន​ចំនួន ៧១ ៥៣៦​តោន ហើយ​និង​ការ​ភ្ញាស់​កូន​ត្រី​ពូជ​អនុវត្តបាន​ចំនួន ២២២​លាន​ក្បាល នេះ​បញ្ជាក់​ឱ្យឃើញថា ទិន្នផល​វារីវប្បកម្ម​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​កំណើន​ជា​មធ្យម​២០% ក្នុង​មួយឆ្នាំ ដែល​ប្រជាកសិករ​បានទទួល​យក​នូវ​បច្ចេកទេស​វារីវប្បកម្ម​ដែល​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាន​អនុវត្ត​កន្លងមក​។​

​ទន្ទឹមនឹងនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទៅនឹង​ការប្រែប្រួល​របប​ទឹកទន្លេ​មេគង្គ ជាមួយនឹង​ការប្រែប្រួល​ភូមិសាស្ត្រ បឹង ព្រែក ស្ទឹង និង​ទន្លេ និង​អាកាសធាតុ ហើយនឹង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ទីផ្សារ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ឆ្នាំ​២០១៥-២០២៤ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វា​រី​-​វប្បកម្ម​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៦-២០៣០ ដែល​ផែនការ​នេះ​អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដ៏​ត្រ​ចេះ​ត្រចង់​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨​។

​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​នេះ ជា​គោលដៅ​ដើម្បី​សម្រេចបាន​ផលិតផល​វារីវប្បកម្ម​ចំនួន ៧៤០ ០០០ តោន នា​ឆ្នាំ​២០២៤ ខាងមុខនេះ ដែលមាន​កំណើន ជា​មធ្យម​២០% ជា​រៀងរាល់ឆ្នាំ​។ ដោយ​នៅក្នុង​យុទ្ធសាស្ត្រ​នេះ ផ្តោត​សំខាន់​ទៅលើ​៧​ចំណុច​សំខាន់ៗ​៖ (១) គុណភាព​ពូជ​សម្រាប់​ប្រភេទ​ត្រី​នានា (២) បង្កើន​ការផ្គត់ផ្គង់​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ទាំង​បរិមាណ (៣) ធានាបាន​នូវ​ការផ្គត់ផ្គង់​ចំណី​ប្រកបដោយ​និរន្តរភាព (៤) បង្កើន​ចំណេះដឹង ជំនាញ និង​សមត្ថភាព​ស្ថាប័ន (៥) ថែរក្សា​គុណភាព​បរិស្ថាន​និង​កាត់បន្ថយ​ដោយ​ជំងឺ (៦) បង្កើន​គុណភាព និង​តម្លៃ​នៃ​ផលិតផល​វារីវប្បកម្ម​កែច្នៃ (៧) សម្របសម្រួល​ក្នុងការ​ផ្តល់នូវ​សេវា​ឥណទាន​វារីវប្បកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close