របាយកាណ៍ ពីការផលិតគ្រាប់ពូជស្រូវ នៅកម្ពុជា
ដំណាំស្រូវ ជាដំណាំមានអទិភាពខ្ពស់ ក្នុងចំណោមដំណាំអទិភាពដទៃទៀត ដែលបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍន៍ជនបទ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ ដើម្បីបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ ការប្រើប្រាស់ពូជសុទ្ធល្អ និងគុណភាពខ្ពស់ គឺជាកត្តាចម្បងសម្រាប់បង្កើនទិន្នផល និងធានាបាននូវគុណភាពអង្ករ។
ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម បង្កើនជំនឿទុកចិត្ត និងធានាគុណភាពគ្រាប់ ពូជស្រូវសុទ្ធល្អ នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម ជាអង្គភាពមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ គ្រប់គ្រងរាល់សកម្មភាពអាជីវកម្មពូជដំណាំ និងធើ្វវិញ្ញាបនកម្មបញ្ជាក់គុណភាពពូជដំណាំ។
ក្នុងឆ្នាំ២០២០ កន្លងមកនេះ នាយកដ្ឋានបានចុះត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវនៅតាមទីតាំងផលិតកម្មសន្និធិ និងទីផ្សារដែលកំពុងចរាចរណ៍គ្រាប់ពូជស្រូវនៅតាមបណ្តាខេត្តមួយចំនួនក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍នានា។ មួយក្នុងចំណោមទីតាំងផលិតពូជស្រូវ គឺ “សហគមន៍កសិកម្មជ្រៃបង្កើនផល” ជាសហគមន៍ផលិតគ្រាប់ពូជស្រូវឆ្នើមមួយក្នុងចំណោមសហគមន៍កសិកម្មផលិតគ្រាប់ពូជស្រូវជាច្រើនទៀត ដែលក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពគ្រាប់ ពូជស្រូវ ស្ថិតនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នមានសមាជិកចំនួន ១២១គ្រួសារ និងផ្ទៃដីដីដាំដុះដំណាំស្រូវសរុបចំនួន ៨០០ ហ.ត ក្នុងនោះផ្ទៃដីសម្រាប់ផលិតគ្រាប់ពូជមានចំនួន ៤៥ហ.ត។
នៅរដូវវស្សាកន្លងមកមាន សមាជិកសហគមន៍ ៦នាក់ បានព្រមព្រៀងផលិតគ្រាប់ពូជស្រូវផ្ការំដួលចំណាត់ថ្នាក់វិញ្ញាបនបត្រ លើផ្ទៃដីចំនួន ៥ហ.ត ក្រោមការគាំទ្រពីកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP) និងអនុវត្តន៍តាមគោលការណ៍នៃផលិតកម្មគ្រាប់ពូជស្រូវរបស់គម្រោង ក្នុងគោលបំណងផ្សព្វផ្សាយគ្រាប់ពូជស្រូវសុទ្ធល្អ ធានាគុណភាពអង្ករស្របតាមស្តង់ដានាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។
តាមរបាយការណ៍របស់នាយកដ្ឋានពូជដំណាំ (២៧ ខែមករា) បានបញ្ជាក់ថានៅក្នុងដំណើរការត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវ ក្រុមការងារបានសហការជាមួយមន្ត្រីបច្ចេកទេសរបស់គម្រោងចុះត្រួតពិនិត្យគុណភាពនៅតាមស្រែចំនួន០៣ ដងក្នុងមួយវដ្តដំណាំស្រូវ គឺ១- ដំណាក់កាលបែកគុម្ព ២- ដំណាក់កាលចេញផ្កា និង៣-ដំណាក់កាលទុំ (១៥ថ្ងៃមុនប្រមូលផលច្រូត) ដោយផ្តោតជាសំខាន់លើចំនួនប្រជាករពូជលាយ ប្រភេទស្មៅ និងជំងឺហាមឃាត់ អនុលោមតាមស្តង់ដាទីវាលសម្រាប់ផលិតកម្មគ្រាប់ពូជស្រូវ ។
លើសពីនេះ ក្រុមការងារបានផ្តល់ជាការណែនាំបច្ចេក ទេសដល់កសិករបន្ថែមអំពីការគ្រប់គ្រងផលិតកម្មនៅទីវាល និងគុណភាពនៅក្រោយពេលប្រមូលផល។ ចំពោះដំណើរការចុះត្រួតពិនិត្យគុណភាពនៅទីវាលក្រុមការងារបានជ្រើសរើសដោយចៃដន្យនូវទីតាំងសំណាកចំនួន ០៤កន្លែង (ទំហំ ២៥ម៉ែត្រការ៉េ/សំណាក) សម្រាប់ស្រែផលិតកម្មចំនួន០១ហ.ត ដើម្បីវាយតម្លៃលើចំនួនប្រជាករពូជលាយ ប្រភេទស្មៅ និងជំងឺហាម ឃាត់ ព្រមទាំងកត់ត្រានូវស្ថានភាពទូទៅនៃស្រែផលិតកម្ម និងរៀបចំរបាយការណ៍តាមដំណាក់ កាលនីមួយៗផងដែរ។
លទ្ធផលបានបង្ហាញថា ស្រែផលិតកម្មអនុវត្តបានត្រឹមត្រូវអនុលោមតាមស្តង់ដាសម្រាប់ផលិតកម្មគ្រាប់ពូជស្រូវ គ្មានចំនួនប្រជាករពូជលាយ ប្រភេទស្មៅ និងជំងឺហាម ឃាត់លើសកម្រិតស្តង់ដា។ លើសពីនេះ នៅពេលប្រមូលផលគ្រាប់ពូជស្រូវរួច ក្រុមការងារក៏បានចុះប្រមូលសំណាកគ្រាប់ពូជស្រូវនៅតាមឡូតិ៍នីមួយៗក្នុងឃ្លាំងសន្និធិរបស់សហគមន៍ ដែលបានវេចខ្ចប់ត្រឹមត្រូវអនុលោមតាមពិធីសាររបស់សហគមន៍ធ្វើតេស្តគ្រាប់ពូជអន្តរជាតិ(ISTA) ដើម្បីវិភាគគុណភាពគ្រាប់ពូជស្រូវនៅមន្ទីរពិសោធន៍ ។
ការវាយតម្លៃលើលទ្ធផល ជារួមបញ្ជាក់ថាសហគមន៍កសិកម្មជ្រៃបង្កើនផល ផលិតគ្រាប់ពូជផ្កា រំដួលសម្រាប់ចំណាត់ថ្នាក់វិញ្ញាបនបត្របានចំនួន ២១.៥តោន (ទិន្នផលជាមធ្យម៤.៣តោន/ហ.ត) និងបានចំណាយលើផលិតកម្មចំនួនប្រមាណ ៣,៦លានរៀល/ហ.ត។
ទោះបីជាលទ្ធផលវិភាគគុណភាពគ្រាប់ពូជមិនទាន់ទទួលបានជាផ្លូវការយ៉ាងណាក្តី ក៏សហគមន៍បានវេចខ្ចប់គ្រាប់ ពូជស្រូវបានត្រឹមត្រូវនៅក្នុងសំបកបាវដែលមានស្លាកសញ្ញាបញ្ជាក់គុណភាព ត្រួតពិនិត្យទៅតាមឡូតិ៍ស្រែផលិតកម្មនីមួយៗដើម្បីធានាបញ្ជាក់ពីភាពត្រឹមត្រូវ និងទំនុកចិត្តពីអ្នកបញ្ជាទិញ។ ដោយឡែក ចំពោះផលិតផលគ្រាប់ពូជស្រូវដែលសហគមន៍ផលិតរួច ភាគច្រើនត្រូវបានលក់ និងចែកចាយជូនសមាជិកសហគមន៍ផ្ទាល់ និងសហគមន៍កសិកម្មដទៃទៀតនៅក្នុងខេត្ត និងក្រៅខេត្ត (ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និងកំពង់ធំ) នៅក្នុងតម្លៃមធ្យមពី ២ ០០០-២ ៥០០រៀល/គ.ក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។