គម្រោង​ស្រូវ​ត្រយង មាន​ភាពជោគជ័យ នៅក្នុង​ការទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​

ខេត្ត​ព្រះវិហារ​៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បាន​អះអាងថា ការអនុវត្ត​គម្រោង​ស្រូវ​ត្រយង​មាន​ភាពជោគជ័យ​នៅក្នុង​ការទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។ ការអះអាង​នេះ​ធ្វើឡើង ខណៈ​ឯកឧត្តម​រដ្ឋលេខាធិកា​រដឹក​នាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម​ទៅ​ទស្សនា​ឧទ្យាន​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ភ្នំ​ត្នោត – ភ្នំ​ពក និង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុង​ខេត្តព្រះវិហារ នៅ​ថ្ងៃទី ២៩ – ៣១ ខែមករា​ឆ្នាំ ២០២១ ដោយមាន​ឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​USAID ព្រៃ​ឡង់​បៃតង​។​

​សូម​រំឭកថា ការអនុវត្ត​គម្រោង​ស្រូវ​ត្រយង​តម្រូវឱ្យ​កសិករ​ដែលជា​សមាជិក​ស្រូវ​ត្រយង​ទាំងអស់ អនុវត្តតាម​គោលការណ៍​សំខាន់ៗ ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ការគោរព​លើ​បរិស្ថាន ការពារ​ធនធានធម្មជាតិ រួមមាន​ទី​១៖ គឺ​ត្រូវ​ដាំ​ស្រូវ​ដោយ​គោរព​ទៅតាម​គោលការណ៍​សរីរាង្គ ដែល​មិន​ប្រើប្រាស់​ជីគីមី ឬក៏​ថ្នាំ​គីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​មួយចំនួនទៀត​លើ​ការដាំដុះ​របស់​ពួកគាត់​។ ទី​២៖ គឺ​ការគោរព​ទៅនឹង​គោលការណ៍​ដាំ​ដុះ​ដែលមាន​បច្ចេកទេស​ដោយ​មានការ​បង្ហាត់បង្រៀន​ពី​សំណាក់​អង្គការ WCS មន្ត្រី​ជំនាញ​របស់​អង្គការ WCS និង​ដៃគូ ដើម្បី​ធ្វើឱ្យ​ស្រូវ​ដែល​ដាំ​ដុះ​ទាំងអស់នោះ គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​តាម​ការកំណត់​និយាម​ទទួល​ទិញ​ពី​ប្រទេស​អ្នកបញ្ជា​ទិញ​ស្រូ​ង​ត្រយង​នេះ​។ ទី​៣៖ ប្រជាកសិករ ដែល​បាន​ដាំ​ស្រូវ​ត្រយង ត្រូវ​ប្រើប្រាស់​ដី​ដែល​មិនមែន​បាន​ពី​ការកាប់​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នោះទេ ដែលជា​ចំណុច​ហាមឃាត់​ដាច់ខាត​។ ទី​៤៖ ប្រជាកសិករ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ គឺ​ត្រូវតែ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​។ ទន្ទឹមនេះ បើតាម​លក្ខខណ្ឌ​នៃ គម្រោង​ទាំង​៤​នេះ គឺ​បានធ្វើ​ឱ្យមាន​ភាពល្អប្រសើ​រ​ឡើង​នូវ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា «​គម្រោង​ស្រូវ​ត្រយង​នេះ​គឺមាន​ភាពជោគជ័យ​នៅក្នុង​ការទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​ហើយក៏​ជាការ​បង្កើត​នូវ​មុខរបរ​ថ្មី ជម្រើស​ថ្មី ឱ្យ​ពួកគាត់​ងាក​មក​ធ្វើស្រែ​ចម្ការ​បាន​ស្រូវ​សម្រាប់​គាត់​ហូប​ហើយ​មាន​ស្រូវ​សម្រាប់​លក់ដូរ​ក្នុងតម្លៃ​ថ្លៃ​ទៅខាង​ក្រៅ​ទៀត​»​។ លើសពីនេះទៅទៀត ប្រជា​សហគមន៍​អាច​ថែរក្សា​ការពារ​បាន​នូវ​ធនធានធម្មជាតិ ការពារ​ទាំង​ព្រៃឈើ សត្វព្រៃ​។

ជាក់ស្តែង​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ត្មាត​ប៉ើយ​ខេត្តព្រះវិហារ​បាន​ចូលរួម​ហើយ​ពួកគាត់​និយាយថា បើ​ដឹងថា​រក្សា​ព្រៃ រក្សា​សត្វ​បាន​លុយ​តាមរយៈ​ទេសចរណ៍ធម្មជាតិ ម្លេះ​ពួកគាត់​អត់​បាញ់សម្លាប់​ឬ​អត់​ទា​ន្ទ្រា​ន​ដីព្រៃ​នោះឡើយ​។​​តាមរយៈ​លទ្ធផល​នេះ ក្រសួងបរិស្ថាន​ជំរុញ​ឱ្យ​អង្គការ​ដៃគូ​ពាក់ព័ន្ធ យក​គម្រោង​ស្រូវ​ត្រយង​នេះ​ទៅ​អនុវត្តតាម​តំបន់ការពារធម្មជាតិ​ផ្សេងៗ​នៅក្នុង​២០​ខេត្ត ក្នុងចំណោម​២៥​រាជធានី​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ជម្រើស​ថ្មី​ឱ្យ​ប្រជា​សហគមន៍​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​ជំនួស​ឱ្យ​ការកាប់​ឈើ បរបាញ់​សត្វ និង រុករាន​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close