ចង្កៀលខ្យង ប្រមាណ​៨៥% នៃ​សំបុក ត្រូវបាន​ញាស់​ដោយ​ជោគជ័យ ក្នុង​ឆ្នាំ​២០២០-២០២១​នេះ​

ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ ២០២០ សត្វ​ចង្កៀល​ខ្យល បាន​មករក​ចំណី​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​រហូតដល់​រាប់ពាន់​ក្បាល និង​មាន​សម្បុក​ពង​កូន​យ៉ាងតិច​ចំនួន​២១៨៦ នៅលើ​ដើម​រាំង​ចំនួន​២៧០​ដើម​។ ការធ្វើ​សម្បុក​នេះ ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ​ក្រោម​ជំនួយ​ពី​អង្គការ​BirdLife និង​ដោយ​ការយកចិត្ត​ទុក្ខ​ដាក់​ថែរក្សា​ការពារ ពី មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ ក្រុមការងារ​ទីវាល សម្បុក​ចង្កៀលខ្យង​បាន​ញាស់​ជោគជ័យ​ជា​បន្តបន្ទាប់ ដែល​សម្បុក​ចុងក្រោយ​គឺ​ញាស់​ក្នុង​ខែមេសា​ឆ្នាំ​២០២១​។

​អង្គការ​BirdLife បាន​បញ្ជាក់ថា ក្នុងចំនោម​សម្បុក​ពង​កូន​ទាំងអស់ (​ប្រមាណ ២១៨៦) មានការ​ញាស់​ជោគជ័យ​ប្រមាណ ៨៥% និង ១៥%​ទៀត រង​ការខូចខាត តាមរយៈ​ទឹកជំនន់​លិច​សម្បុក​ដែល​លើ​ដើមឈើ​ទាបៗ ខ្យល់​កន្ត្រាក់​ធ្លាក់​ខូច និង មាន​ជនខិលខូច លួច​ប្រមូល​ពង​សត្វ​។ ​ចំណែក​សម្បុក​ដែល​ញាស់​ជោគជ័យ​ជា​មធ្យម​បានកូន​ចង្កៀលខ្យង​ប្រហែល ៥៥៨០​ក្បាល ទទួលរង​ការខូចខាត​អស់​កូន​ប្រហែល ១០% (​ស្លាប់​ដោយសារ​ជម្ងឺ​និង​កត្តា​ផ្សេងៗ​)​។ ចំណែក​ប្រមាណ ៤០% បង្ខំចិត្ត​ហើរ​ចាក​ចេញពី​សម្បុក​និង​ទ្រនុំ ដោយ​កត្តា​រាំងស្ងួត ខ្វះ​ប្រភពទឹក និង​ចំណី​។

​បច្ចុប្បន្ន មានកូន​ចង្កៀលខ្យង​ប្រមាណ ៥០% (​ជា​មធ្យម ប្រហែល​២៧៩០ ក្បាល​) នៅ​បន្ត​ស្នាក់​នៅលើ​សម្បុក និង​ទ្រនុំ ដែល​ខ្លះ​ទើបតែ​ញាស់​ហើយ មិនទាន់​អាច​ហើរ​បាន​ឆ្ងាយ​ពី​មេបា​។ យើង​បា​នស​ង្កើ​ត​ឃើញ​ផងដែរ​ថា មេបា​ចាស់ៗ​បាន ប្រមូល​កំណាត់ឈើ​តូចៗ បន្ថែម ដើម្បី​ជួសជុល​សម្បុក និង ធ្វើ​សម្បុក​ថ្មី​លើ​មែកឈើ​ដែល​ខ្ពស់ៗ​ជាង​មុន​។ ក្រុមការងា​ទីវាល​បាន​សនិដ្ឋានថា សកម្មភាព​នេះ​ជា​សញ្ញា​ល្អ ដែល​បញ្ជាក់ថា​ចង្កៀលខ្យង​នឹងមិន​បម្លាស់​ទី​ចេញ​អស់ពី​ទីតាំង​ពង​កូន​ឡើយ ហើយ​រដូវ​កាល​ពង​កូន​ឆ្នាំ​២០២១-២០២២ អាច​នឹងមាន​សម្បុក​កើនឡើង​បន្ថែមទៀត​។

​គម្រោង​អភិរក្ស និង​គ្រប់គ្រង​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​សហការ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ដែលមាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​ជា​សេនាធិការ អង្គការ​ជីវ​សត្វ​ស្លាប​អន្តរជាតិ​(BirdLife) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife) និង​អង្គការ WWT៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close