ឯកឧត្ដម ស៊ុន ចាន់ថុល បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​ក្នុង​តំបន់​(IRITWG)​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​នាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​ក្នុង​តំបន់ (IRITWG) ដោយមាន​ការចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​បណ្តា​ដៃគូ​អភិវឌ្ឍន៍ តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើ​បទ បង្ហាញ​ពី​វ​ឌ្ឈ​នភា​ពនៃ​គម្រោង​កំពុង​សាងសង់ និង​នាពេល​អនាគត​នៅ​កម្ពុជា​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈ​ការប្រើប្រាស់ ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព កិច្ចសម្របសម្រួល និង​ការចែករំលែក​ព័ត៌មាន ដោយមាន​ការចូលរួម​ធ្វើ បទ​បង្ហាញ​ពី​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជំនាញ ការ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) ស្ថានទូត និង តំណាង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​ក្នុង​វិស័យ​ផ្លូវ​ជនបទ វឌ្ឍនភាព​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី របាយការណ៍​វឌ្ឍនភាព​ស្តីពី​សកម្មភាព​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការគ្រប់គ្រង​ទឹក​សំណល់​នៅ​កម្ពុជា ការបោះ​ពុ​ម្ភ​ផ្សាយ​ស្ដីពី​ទស្សនទាន​វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹកជញ្ជូន ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាគារ​រដ្ឋបាល​ស្ទឹង​បត់​និង​ផ្លូវ​ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ លេខ​៥ ការអភិវឌ្ឍន៍​វិស័យ​ភស្តុភា​កម្ម និង​វឌ្ឍនភាព​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួង​បាន និង​កំពុង​សិក្សា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤ បានបញ្ចប់​ការសិក្សា​គម្រោង​ផ្លូវ​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ បានបញ្ចប់​ការសិក្សា​គម្រោង​ផ្លូវ ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ទៅកាន់​ខេត្តសៀមរាប គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន​៦៥% គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ខែកញ្ញា ឆ្នាំ​២០២២ និង​កំពុង​សិក្សា​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត​-​ម៉ុក​បៃ ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​លើ​គោលការណ៍​កសាង ប្រតិបត្តិ ផ្ទេរ​(BOT) បានបញ្ចប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុងព្រះសីហនុ​ចំនួន​៣៤​ខ្សែ និង គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គិត​រហូតមកទល់ ពេលនេះ​សម្រេចបាន​ប្រមាណ​៧០% និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំនេះ​។

​ដោយឡែក​ទាក់ទង​នឹង​ការដឹកជញ្ជូន​ផ្លូវដែក ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​កត់សម្គាល់ថា​៖ ទំហំ​នៃ​ការដឹក ជញ្ជូន​ទំនិញ​តាម​ផ្លូវដែក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចង់ឃើញ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ដែក​នៅ​កម្ពុ​ជាមាន​ទំហំ​កាន់តែ​ធំ​ឡើង​ដើម្បី កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ ដោយ​ស្របពេល​ជាមួយគ្នានេះ ក្រសួង​កំពុង​រៀបចំ​បញ្ចប់​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា ហើយ​គ្រោង​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​សុំ​ការឯកភាព​នាពេល​ខាងមុខនេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ទី​ភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​(JICA) ដែល​បាន​គាំទ្រ​ដល់​គម្រោង​សិក្សា​លទ្ធភាព​សាងសង់​ចំណត​កំពង់ផែ កុងតឺន័រ​ថ្មី​ជម្រៅ​១៤​ម៉ែត្រ​កន្លះ នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​អាច​អនុញ្ញាតឱ្យ​នាវា​ចំនួន​៩៣% នៅ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អាច​ចូល​ចត​បាន និង​បាន​ជម្រាបជូន​ផងដែរ​អំពី​គម្រោង​ពង្រីក​សមត្ថភាព​កំពង់ផែ មួយចំនួន​ផ្សេងទៀត​រួមមាន​៖ កំពង់ផែ​ខេត្តកំពត កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ និង​កំពង់ផែ​ទន្លេ​ផ្សេងទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​។​

​ជាទី​បញ្ចប់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម ការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​ចូលរួមចំណែក​ក្នុងការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព រស់នៅ​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close