សត្វ​រញី​ភ្លើង ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​លើ​ពិភពលោក​

​រញី​ភ្លើង​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ស្ថិតក្នុង​បញ្ជី​ឧបសម្ព័ន្ធ I នៃ​អនុ​ញ្ញា​សាយ​តេស​។ សត្វ​រញី​ភ្លើង​នេះ​ក៏​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​លើ​ពិភពលោក​។ ប្រភេទ​សត្វ​នេះ​រងគ្រោះ​ដោយ​ការ​បរបាញ់ ការដាក់​អន្ទាក់ និង​ការធ្វើ​អាជីវកម្ម​។ សត្វ​រញី​ភ្លើង​ក៏​រងគ្រោះ​ដូច​សត្វ​រញី​ប្រផេះ​ដែរ​ដោយសារតែ​ពលរដ្ឋ​ខ្លះ​មាន​ជំនឿ​តៗ​គ្នា​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ថា​សត្វ​រញី​អាច​ផ្សំ​ជាថ្មី​ដើម្បី​ព្យាបាល​ជំងឺ​បាន​។

​បច្ចុប្បន្ននេះ គេ​មិនមាន​ទិន្នន័យ​ច្បាស់លាស់​នៃ​ចំនួន​សត្វ​រញី​ភ្លើង​នៅលើ​ពិភពលោក​ទេ​។ ចំណែក​នៅក្នុង ប្រទេស​កម្ពុជា ក៏​មិនមាន​ទិន្នន័យ​ដែរ តែ​តាម​ការសិក្សា ចំនួន​សត្វ​រញី​ភ្លើង​នេះ​ក៏ដូចជា​រញី​ប្រផេះ​ដែរ គឺមាន​ចំនួន​ថយចុះ​នៅលើ​ពិភពលោក​។ រញី​ភ្លើង​ត្រូវបាន​គេ​រកឃើញ​វត្តមាន​នៅក្នុង​ភាគ​ខាងកើត​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ខេត្តមណ្ឌលគិរី និង​ស្ទឹងត្រែង និង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កោះ​ស៊ូ​មាត្រា និង​បរ​ណេ​អូ​។

​សត្វ​រញី​ភ្លើង​ជា​សត្វ​រាត្រីចរ រកស៊ី​ពេលយប់ និង​ដេក​នៅពេល​ថ្ងៃ​តាម​ជំ​ពាន​មែកឈើ​។ វា​ស៊ី​សត្វល្អិត សត្វ​ស្លាប និង​ផ្លែឈើ​ជា​អាហារ​។ រញី​ចូលចិត្ត​រស់នៅ​ព្រៃស្រោង ព្រៃ​ពាក់​ក​ណ្ត​ល​ស្រោង និង​ចម្ការ ហើយ​ជាស​ត្វ​ចូលចិត្ត​រស់នៅ​តែ​ឯកឯង​។ សត្វ​រញី​អាច​បង្កើតកូន​ម្តង​បាន​ពីរ ហើយ​កូន​របស់​វា​រស់នៅ​ជាមួយ​មេ​ពី ៦ ទៅ ៩ ខែ​។

​រញី​ភ្លើង​មាន​រោម​ពណ៌​ក្រហម​ត្នោត​ភ្លឺ និង​មាន​លាយ​ពណ៌​ប្រាក់​ពាសពេញ​លើ​ខ្នង មាន​ឆ្នូត​ត្នោត​ចាស់​នៅលើ​ខ្នង ហើយ​ឆ្នូត​នេះ​កើតមាន និង​បាត់​ទៅវិញ​ទៅតាម​រដូវ​។ កាល​នៅ​តូច ពុំមាន​ឆ្នូត​ខ្នង​ទេ រោម​ពណ៌​ក្រហមព្រឿងៗ​ព័ទ្ធជុំវិញ​រង្វង់​ផ្នែក និង​មាន​ភ្នែក​ធំៗ​ពណ៌​ត្នោត​។ វា​មាន​រោម​ខ្លី​ក្រាស់​ពណ៌​ស​នៅលើ​ថ្ពាល់ និង​មាន​រោម​ខ្លី​ក្រាស់​ពណ៌​ស​នៅលើ​ថ្ពាល់ និង​មាន​រោម​ពណ៌​ស​នៅ​ខ្ទង់ច្រមុះ ហើយដោយ​ឡែក​នៅ​រង្វង់​ភ្នែកមាន​រោម​ពណ៌​ត្នោត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close