ទំនប់អាងស្តុកទឹក”រក្សា” អាជផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មនៅរដូវវស្សាជាង ១៤ម៉ឺនហិកតា និងរដូវប្រាំងជា ២ម៉ឺនហិកតា ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត
ព្រះវិហារ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញប្រចាំខេត្តព្រះវិហារ និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យមើលទំនប់អាងស្តុកទឹក”រក្សា ” ស្ថិតនៅលើដងស្ទឹងសែន ក្នុង ព្រំប្រទល់ឃុំពុទ្រា និងឃុំរក្សា ស្រុកជ័យសែន និង ស្រុករវៀង ខេត្តព្រះវិហារ។
ទំនប់អាងស្តុកទឹកនេះ បានសាងសង់ចាប់តាំងពី ដេីមខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់រួចរាល់ជាស្ថាពរចុងខែ កក្កដា ឆ្នាំ២០២២ នេះ។ ទំនប់អាងស្តុកទឹក”រក្សា “នេះ មានប្រវែងសរុប ២.៩៥៦ម៉ែត្រ អាចស្តុកទឹកបានប្រមាណ ២៥៧លានម៉ែត្រគូប ដោយមានទ្វារទឹកធំ ចំនួន ២០ទ្វារ (ទ្វារទឹកនីមួយៗមានទំហំ១០ម៉ែត្រ និងទម្ងន់ប្រមាណជាង ៦០តោន) ព្រមទាំងមានបម្រុងទុកនូវទ្វារទឹក និងបំពង់សម្រាប់តួប៊ីនចំនួន ០៣ កន្លែង ដែលអាចផលិតថាមពលវារីអគ្គិសនីបាន ១,៥០មេហ្គាវ៉ាត់។
ទំនប់អាងស្តុកទឹកនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មរបស់ប្រជាកសិករនៅរដូវវស្សាបាន ចំនួន ១៤៣.៣២៣ ហិកតា និងនៅរដូវប្រាំងបានចំនួន ២២.៨៧៨ហិកតា ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតតាមរយ:យន្តការបច្ចេកទេសច្បាស់លាស់នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើនលើទឹកដីនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួងទាំងអស់ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយក ព្រមទាំងក្រុមការងារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអនុវត្ត និងត្រួតពិនិត្យគម្រោងរបស់ភាគីចិន ដែលបានបញ្ចប់ការងារសាងសង់តាមកាលកំណត់ដែលបានគ្រោងទុក។ ជាមួយគ្នានេះ ផងដែរក្រុមការងារ ក្រសួង ក៏បានស្នេីដល់គាគីចិនឲ្យបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីអំពីបច្ចេកទេសប្រើប្រាស់លើឧបកណ៍ សម្ភារបំពាក់ និងការបញ្ជាបិទ-បើកទ្វារដល់មន្ត្រីនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ មុនពេលបញ្ចប់សុពលភាព និងប្រគល់-ទទួល ជាផ្លូវការមកភាគីកម្ពុជា។
ស្ថានភាពទឹកស្ទឹងសែនស្ថិតនៅក្នុងខេត្តព្រះវិហារ គឺមិនទាន់ហក់ឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភ និងប្រកាសអាសន្ននៅឡើយនោះទេ បេីគិតត្រឹមល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយក ក៏បានបញ្ជាក់ថា ៖ ដោយប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ បាននឹងកំពុងតែទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប និងវិសម្ពាធជាបន្តបន្ទាប់នាពេលកន្លងមក និងបច្ចុប្បន្ន ដែលបង្កឲ្យមានភ្លៀងធ្លាក់ច្រើនគ្របដណ្តប់នៅផ្នែកខាងលើនៃអាងស្ទឹងសែន ដូចនេះនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ ក្នុងការចែករំលែកនូវព័ត៌មាន និងទិន្នន័យ (ជាពិសេសបរិមាណទឹកភ្លៀង កម្ពស់ និងធារទឹក ) បង្កភាពងាយស្រួលក្នុងការគ្រប់គ្រងទឹកនៅតាមដងស្ទឹងសែនចាប់ពីផ្នែកខាងលើដល់ផ្នែកខាងក្រោមមុននឹងហូរធ្លាក់ចូលទៅបឹងទន្លេសាប ដេីម្បីអាចបង្ការទប់ស្កាត់ហានិភ័យ និងចាត់វិធានការបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះមហន្តរាយនានាដែលអាចកេីតមានឡេីងជាយថាហេតុផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។